ការសិក្សាស្រាវជ្រាវ៖ ការកាត់បន្ថយជំនួយរបស់លោកខាងលិច អាចនាំឱ្យមានមនុស្សស្លាប់សរុបជាង២២លាននាក់ នៅត្រឹមឆ្នាំ២០៣០ (Video inside)
18-11-2025 13:41
(បរទេស)៖ លទ្ធផលសិក្សាស្រាវជ្រាថ្មីមួយ កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា បានបង្ហាញថា ការកាត់បន្ថយជំនួយអន្តរជាតិ សំណាក់ក្រុមប្រទេសអឺរ៉ុបនិងសហរដ្ឋអាមេរិក អាចបង្កការស្លាប់ដែលអាចទប់ស្កាត់បាន សម្រាប់មនុស្សសរុបជាង២២លាននាក់ នៅត្រឹមឆ្នាំ២០៣០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ការរកឃើញថ្មីនេះ គឺជាការធ្វើបច្ចុប្បន្នភាពបន្ថែមពីលើ ការសិក្សាមួយនាពេលកន្លងទៅ ក្នុងឆ្នាំ២០២៥នេះ ដែលបាននិយាយថា ការកាត់បន្ថយជំនួយបរទេសយ៉ាងគំហុក ធ្វើឡើងដោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលរួមមានទាំងការរុះរើទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID អាចឱ្យមានករណីមនុស្សស្លាប់បន្ថែម ១៤លាននាក់។
ការស្រាវជ្រាវថ្មីខាងលើ រាប់បញ្ចូលការថយចុះនៃជំនួយអភិវឌ្ឍផ្លូវការទាំងអស់ ស្របពេលដែលចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ក៏បានកាត់បន្ថយជំនួយរបស់ពួកគេ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ។ លោក Gonzalo Fanjul ដែលស្ថិតក្នុងចំណោមអ្នកសរសេររបាយការណ៍ស្រាវជ្រាវខាងលើ បាននិយាយថា វាគឺជាលើកដំបូងបំផុត ក្នុងរយៈពេល៣០ឆ្នាំ ដែលបារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាត់បន្ថយជំនួយក្នុងពេលទន្ទឹមគ្នាបែបនេះ។ លោកបានបន្តថា ទោះជំនួយរបស់ក្រុមប្រទេសអឺរ៉ុប មិនអាចប្រៀបធៀបជាមួយអាមេរិកក៏ដោយ ប៉ុន្តែនៅពេលសរុបបញ្ចូលគ្នាទាំងអស់ ផលប៉ះពាល់ចំពោះប្រព័ន្ធជំនួយពិភពលោក គឺមានសភាពធ្ងន់ធ្ងរខ្លាំងណាស់។
គួរបញ្ជាក់ថា ការសិក្សាស្រាវជ្រាវនេះ គឺផ្អែកលើទិន្នន័យស្តីពីការដែលជំនួយពីមុនៗមក បានជួយទប់ស្កាត់ការស្លាប់ ជាពិសេសការស្លាប់ដែលអាចទប់ស្កាត់បាន ដូចជាដោយសារជំងឺអេដស៍ គ្រុនចាញ់ និងរបេង ជាដើម។ ក្នុងសេណារីយ៉ោ ដែលការកាត់បន្ថយជំនួយមានកម្រិតធ្ងន់ធ្ងរខ្លាំង ការសិក្សាបានវាយតម្លៃថា វានឹងបង្កឱ្យមានអ្នកស្លាប់បន្ថែម២២.៦លាននាក់ នៅត្រឹមឆ្នាំ២០៣០ ក្នុងនោះ៥.៤លាននាក់ ជាកុមារអាយុក្រោម៥ឆ្នាំ៕







