ចិនសម្តែងការជំទាស់ចំពោះសហរដ្ឋអាមេរិក ជុំវិញគម្រោងលក់បរិក្ខារយោធាឱ្យតៃវ៉ាន់ (Video inside)
18-11-2025 14:13
(ប៉េកាំង)៖ កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ក្រសួងការពារជាតិចិន បាននិយាយថា ខ្លួនបានសម្តែងការជំទាស់ទៅកាន់សហរដ្ឋអាមេរិក ជុំវិញគម្រោងលក់បរិក្ខារយោធាឱ្យតៃវ៉ាន់ ដែលទើបត្រូវបានប្រកាសកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងទទូចឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវទម្លាប់ខុសឆ្គងរបស់ខ្លួន ក្នុងការបំពាក់សព្វាវុធឱ្យកោះតៃវ៉ាន់ ហើយចៀសវាងបង្កការខូចខាត ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសក៏ដូចជាយោធាទាំងពីរ»។ ទីក្រុងប៉េកាំង តែងតែសម្តែងការជំទាស់ជារឿយៗ នៅពេលដែលអាមេរិក ប្រកាសពីការលក់អាវុធនិងសម្ភារយោធាឱ្យតៃវ៉ាន់ ព្រោះចិនចាត់ទុកដែនកោះនេះ ជាផ្នែកមិនអាចកាត់ផ្តាច់បានដាច់ខាតនៃទឹកដីរបស់ខ្លួន។
គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិក បានអនុម័តគម្រោងលក់គ្រឿងបន្លាស់យន្តហោះចម្បាំង និងយន្តហោះយោធាដទៃទៀតឱ្យតៃវ៉ាន់ ក្នុងទឹកប្រាក់ទំហំ ៣៣០លានដុល្លារ ដែលជាលើកដំបូង គិតចាប់តាំងពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីខែមករា ដើមឆ្នាំនេះ។ ទោះមិនមានទំនាក់ទំនងផ្លូវការនឹងគ្នាក៏ដោយ ទីក្រុងវ៉ាស៉ីនតោន គឺជាខ្នងបង្អែកដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់សព្វាវុធធំបំផុតសម្រាប់កោះតៃវ៉ាន់៕






