តៃវ៉ាន់ឃាត់ខ្លួនពលរដ្ឋចិន ក្រោមការសង្ស័យធ្វើចារកម្ម (Video inside)

18-11-2025 14:40

(តៃប៉ិ)៖ នាថ្ងៃអង្គារនេះ តៃវ៉ាន់បានប្រកាសឱ្យដឹងអំពីការឃាត់ខ្លួនពលរដ្ឋចិនម្នាក់ ក្រោមការសង្ស័យលួចធ្វើចារកម្ម បន្ទាប់ពីរកឃើញ ផែនការអូសទាញបុគ្គលិកយោធាចូលនិវត្តន៍ និងកំពុងបម្រើការ ដើម្បីប្រមូលយកព័ត៌មានសម្ងាត់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

តៃវ៉ាន់ធ្លាប់បានត្អូញត្អែរម្តងហើយម្តងទៀតថា ទីក្រុងប៉េកាំងបានបង្កើនកិច្ចប្រឹងប្រែងស៉ើបការណ៍របស់ខ្លួន នៅលើដែនកោះមួយនេះ រួមមានទាំងនៅការិយាល័យមេដឹកនាំតៃវ៉ាន់ ហើយខ្លួនបានចាត់វិធានការតឹងរ៉ឹង ដើម្បីព្យាយាមទប់ស្កាត់។ ការិយាល័យស៉ើបអង្កេត​របស់ក្រសួងយុត្តិធម៌តៃវ៉ាន់ បាននិយាយថា ពលរដ្ឋចិនម្នាក់ដែលមានទីលំនៅនៅទីក្រុងហុងកុង និងមានត្រកូល Ding បានធ្វើសកម្មភាព ក្រោមការបង្គាប់បញ្ជារបស់យោធាចិន ដើម្បីលួចប្រមូលព័ត៌មានសម្ងាត់ៗរបស់តៃវ៉ាន់។

ការិយាល័យខាងលើ បានបន្តថា ជនត្រកូល Ding ដែលធ្វើដំណើរមកតៃវ៉ាន់ ក្រោមលេសសកម្មភាពធុរកិច្ចនិងទេសចរណ៍ អូសទាញបានមន្រ្តីយោធាចូលនិវត្តន៍២នាក់ ធ្វើជាសមាជិកស្នូលនៃក្រុមចារកម្មរបស់ខ្លួន ដើម្បីបន្តអូសទាញមន្រ្តីយោធាដទៃទៀត ដែលកំពុងបម្រើការក្នុងជួរកងទ័ពតៃវ៉ាន់។ នាពេលនេះ ជនត្រកូល Ding និងបុគ្គល៦នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន។

គួរបញ្ជាក់ថា បើតាមការិយាល័យស៉ើបអង្កេតនៃក្រសួងយុត្តិធម៌តៃវ៉ាន់ ករណីខាងលើគឺជាករណីចម្លែកមួយ ដ្បិតជនរូបនោះ គឺពិតជាបានធ្វើដំណើរពីចិនមកតៃវ៉ាន់ ខុសពីករណីមុនៗដែលចិនជាទូទៅ បានប្រើប្រាស់អ្នករស់នៅកោះតៃវ៉ាន់ផ្ទាល់ ដើម្បីធ្វើសកម្មភាពស៉ើបការណ៍របស់ពួកគេ។ ដោយឡែក ក្រសួងការពារជាតិចិន ក៏បានប្រកាសដែរថា មន្រ្តីយោធាកំពុងបម្រើការ​២រូប ត្រូវបានចោទប្រកាន់ជាផ្លូវការ ក្រោមការស៉ើបអង្កេតពាក់ព័ន្ធករណីដូចគ្នាខាងលើ៕