ភ្នាក់ងារល្បាតព្រំដែនអាមេរិក ចាប់ខ្លួនមនុស្សជាង ១៣០នាក់ ក្នុងការបង្រ្កាបអន្តោប្រវេសន៍ នៅរដ្ឋ North Carolina (Video inside)

18-11-2025 15:33

(Charlotte)៖ ក្នុងរយៈពេល ៤៨ម៉ោង មនុស្សច្រើនជាង ១៣០នាក់ ដែលសង្ស័យធ្វើអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបានឃុំខ្លួននៅក្នុងទីក្រុង Charlotte នៃរដ្ឋ North Carolina ខណៈប្រធានាធិបតី ដូណាល់ ត្រាំ ជំរុញយុទ្ធនាការបង្រ្កាប​​នៅភាគខាងត្បូងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។

អ្នកនាំពាក្យរបស់ទីផ្នាក់ងារគយ និងការពារព្រំដែនអាមេរិក លោក Rob Brisley និយាយថា ភ្នាក់ងារល្បាតព្រំដែនចាប់ខ្លួនមនុស្សជាង ១៣០នាក់កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅទីក្រុង Charlotte អំឡុងពេលពីរថ្ងៃដំបូងនៃប្រតិបត្តិការសហព័ន្ធ ដែលផ្តោតលើជនចំណាកស្រុកគ្មានឯកសារត្រឹមត្រូវ។ គេទាន់មិនដឹងឡើយថាពេលណាទើបយុទ្ធនាការបង្រ្កាប នៅក្នុងទីក្រុងភាគខាងត្បូង ត្រូវបញ្ចប់។ តាមលោក Brisley កងកម្លាំងនឹងមិនបញ្ឈប់ការអនុវត្តច្បាប់ជាតិនោះទេ រហូតទាល់តែជនបរទេសខុសច្បាប់ទាំងអស់ត្រូវបានចាប់ខ្លួន ហើយនិរទេសចេញពីអាមេរិក។

គួរបញ្ជាក់ថា ការ​និរទេសយ៉ាង​សន្ធឹកសន្ធាប់ និង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​​តឹងរ៉ឹង​ គឺជា​ពាក្យសន្យាដ៏​សំខាន់​នៃ​របៀបវារៈ​គោលនយោបាយ​ក្នុងស្រុក​របស់​លោក ត្រាំ។ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់សេតវិមានវិញ ភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ បានធ្វើការវាយឆ្មក់នៅក្នុងទីក្រុងមួយចំនួនដូចជា Los Angeles, Chicago និងតាមតំបន់ជនបទដែលមានលក្ខណៈអភិរក្សនិយម៕