លោក Netanyahu ប្តេជ្ញាបង្រ្កាបអំពើហិង្សា ប្រព្រឹត្តដោយជនជាតិអ៉ីស្រាអែល នៅតំបន់ West Bank (Video inside)
18-11-2025 16:12
(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បានឱ្យដឹងថា លោកនឹងកោះប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់ ដើម្បីនាំជនជាតិអ៉ីស្រាអែល ដែលបានធ្វើសកម្មភាពប្រឆាំងជនជាតិប៉ាឡេស្ទីន នៅតំបន់ West Bank យកមកកាត់ទោស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ទីភ្នាក់ងារព័ត៌មាន WAFA បានដកស្រង់សម្តីក្រុមមន្រ្តីដែលនិយាយថា អំពើហិង្សាកាលពីថ្ងៃចន្ទ ជនជាតិអ៉ីស្រាអែលបានដុតផ្ទះ និងរថយន្តក្នុងភូមិ Jab'a ដែលជាភូមិរបស់ប៉ាឡេស្ទីន ក្បែរទីក្រុង Bethlehem តំបន់ West Bank បន្ទាប់ពីការបំផ្លិចបំផ្លាញលើទ្រព្យសម្បត្តិ និងជនស៉ីវិលនៅក្នុងភូមិ Sa'ir នាពេលថ្មីៗ។ លោក Netanyahu គូសបញ្ជាក់ថា «ខ្ញុំចាត់ទុក វាជាអំពើហិង្សាធ្ងន់ធ្ងរ និងជាការប៉ុនប៉ងអង្គុយលើច្បាប់ ពីសំណាក់ក្រុមជ្រុលនិយមតូចមួយ។ ខ្ញុំមានបំណងដោះស្រាយរឿងនេះដោយខ្លួនឯង ហើយកោះប្រជុំជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបាតុភាពនេះ»។
គួរបញ្ជាក់ថា អ៉ីស្រាអែល កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ ឱ្យធ្វើការទប់ស្កាត់សកម្មភាពវាយប្រហារជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank។ គណៈរដ្ឋមន្ត្រីប៉ាឡេស្ទីន បានស្នើដល់សហគមន៍អន្តរជាតិ ធ្វើសកម្មភាពឱ្យបានឆាប់ ដើម្បីបញ្ឈប់ការវាយប្រហារដែលពួកគេះអះអាងថា ត្រូវបានអនុវត្តដោយមានការការពារ និងគាំទ្រពីរដ្ឋាភិបាលអ៉ីស្រាអែល បំពានទៅនឹងច្បាប់អន្តរជាតិ៕







