ឥណ្ឌូណេស៉ី ស្វាគមន៍ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខ UN លើផែនការសន្តិភាពហ្កាហ្សារបស់លោក ត្រាំ (Video inside)

18-11-2025 16:58

(ហ្សាការតា)៖ នាថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកានេះ ឥណ្ឌូណេស៉ី បានប្រកាសស្វាគមន៍ការអនុម័តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) លើដំណោះស្រាយអាមេរិក ដែលនឹងជំរុញផែនការសន្តិភាពរបស់ ប្រធានាធិបតីអាមេរិក លោក ត្រាំ ដើម្បីបញ្ចប់សង្រ្គាម និងបង្កើតកងរក្សាស្ថិរភាពអន្តរជាតិមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៉ី លោកស្រី Yvonne Mewengkang សង្កត់ធ្ងន់លើសារសំខាន់ នៃការចូលរួមពីគ្រប់ភាគពាក់ព័ន្ធ។ នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី Yvonne គូសបញ្ជាក់ថា «ដំណោះស្រាយនេះ ផ្តល់អាទិភាពដល់ការដោះស្រាយជម្លោះ និងដើម្បីសន្តិភាពយូអង្វែង ផ្អែកលើការកសាងសមត្ថភាពអាជ្ញាធរប៉ាឡេស្ទីន។ ឥណ្ឌូណេស៉ី តែងគាំទ្រឯករាជ្យភាព និងបូរណភាពប្រជាជាតិប៉ាឡេស្ទីន»។

គួរបញ្ជាក់ថា ក្រោមផែនការសន្តិភាពហ្កាហ្សារបស់ លោក ត្រាំ ក៏នឹងមានដាក់កងកម្លាំងអន្តរជាតិ ដើម្បីជួយរក្សាស្ថិរភាពតំបន់ ហើយឥណ្ឌូណេស៉ី បានត្រៀមរួចរាល់ក្នុងការដាក់ពង្រាយកងទ័ព រហូតដល់ ២០ ០០០នាក់៕