លោក ហ្សេលេនស្គី នឹងបំពេញទស្សនកិច្ចនៅតួកគី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារកិច្ចចរចាសន្តិភាពឡើងវិញ (Video inside)

18-11-2025 21:56

(កៀវ)៖ មន្ត្រីអ៊ុយក្រែនម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីនៅថ្ងៃពុធ ដើម្បីស្វែងរកការចូលរួមឡើងវិញរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី។

លោក ហ្សេលេនស្គី បានលើកឡើងថា លោកចង់ធ្វើឱ្យកិច្ចចរចាសន្តិភាពដែលបានជាប់គាំងនោះ រស់រវើកឡើងវិញ បន្ទាប់ពីកិច្ចពិភាក្សារវាងរុស្ស៊ី និងអ៊ុយក្រែនជាច្រើនលើកនៅទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំនេះ បានបរាជ័យក្នុងការទទួលបានលទ្ធផលជាដុំកំភួន។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានប្រាប់ AFP ថា លោក ហ្សេលេនស្គី នឹងជួបជាមួយសមភាគីតួកគី លោក Recep Tayyip Erdogan នៅទីក្រុងអង់ការ៉ានៅថ្ងៃពុធ ដែល «គោលដៅចម្បងរបស់លោកគឺដើម្បីឱ្យអាមេរិកចូលរួមឡើងវិញ» នៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព។ មន្ត្រីរូបនេះបានបន្ថែមថា ទីក្រុងកៀវសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងអាចជំរុញរុស្ស៊ីឱ្យមកកាន់តុចរចា រួមទាំងតាមរយៈការដាក់ទណ្ឌកម្មផងដែរ។ មន្ត្រីអ៊ុយក្រែនម្នាក់ទៀតដែលពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំនេះ បានប្រាប់ AFP ថា បេសកជនអាមេរិក លោក ស្ទីវ វីតកុហ្វ (Steve Witkoff) ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការពិភាក្សាជាមួយលោក ហ្សេលេនស្គី នៅប្រទេសតួកគី។

គួរបញ្ជាក់ថា វិមានក្រឹមឡាំងបានបញ្ជាក់ថា នឹងមិនមានមន្ត្រីរុស្ស៊ីណាម្នាក់មានវត្តមាននៅក្នុងកិច្ចពិភាក្សានៅតួកគីនៅថ្ងៃពុធនោះទេ ប៉ុន្តែបានបន្ថែមថា ខ្លួននៅតែបើកចំហចំពោះការចរចាដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន។ ការណ៍នេះកើតឡើងស្របពេលដែលសមាជិកសភាអាមេរិកកំពុងរៀបចំសេចក្តីព្រាងច្បាប់មួយ ដើម្បីពង្រឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយមានលទ្ធភាពដាក់ពន្ធគយលើប្រទេសទាំងអស់ដែលទិញប្រេង និងឧស្ម័នរបស់ខ្លួន។ ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារថា សេចក្តីព្រាងច្បាប់នេះ «មិនមានបញ្ហាអ្វីសម្រាប់ខ្ញុំទេ»៕