អាជ្ញាធរប៉ាឡេស្ទីន ស្វាគមន៍សេចក្តីសម្រេច UN, ចាត់ទុកជាជំហានឆ្ពោះទៅរដ្ឋឯករាជ្យ (Video inside)
18-11-2025 22:25
(ឌូបៃ)៖ រដ្ឋប៉ាឡេស្ទីន បានសម្តែងការសាទរចំពោះសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីតំបន់ហ្គាហ្សា ដោយចាត់ទុកថាជាជំហានដ៏សំខាន់មួយដែលគាំទ្រសិទ្ធិរបស់ខ្លួនក្នុងការបង្កើតរដ្ឋឯករាជ្យ និងសម្រេចវាសនាដោយខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ អាជ្ញាធរប៉ាឡេស្ទីនបានជំរុញឱ្យមានការអនុវត្តសេចក្តីសម្រេចនេះជាបន្ទាន់ និងសង្កត់ធ្ងន់លើការធានាឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការផ្តល់ជំនួយមនុស្សធម៌ដោយមិនមានការរារាំង និងការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាទាំងស្រុង។
ជាមួយគ្នានេះ ភាគីប៉ាឡេស្ទីនបានបង្ហាញពីការត្រៀមខ្លួនក្នុងការធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ទុក្ខលំបាករបស់ប្រជាជនខ្លួន។ អាជ្ញាធរប៉ាឡេស្ទីនក៏បានអះអាងជាថ្មីថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលខុសត្រូវពេញលេញក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា ដែលជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីនតែមួយ៕




