យោធាអ៊ុយក្រែន អះអាងពីការប្រើប្រព័ន្ធមីស៉ីល ATACMS លើគោលដៅយោធាក្នុងប្រទេសរុស្ស៉ី (Video inside)
19-11-2025 11:52
(កៀវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ យោធាអ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅយោធាក្នុងប្រទេសរុស្ស៉ី ជាមួយប្រព័ន្ធមីស៉ីលរយៈចម្ងាយឆ្ងាយ ATACMS របស់សហរដ្ឋអាមេរិក ហើយថាវាជាការវិវត្តន៍មួយដ៏សំខាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ពីមុនអ៊ុយក្រែន មិនធ្លាប់និយាយបើកចំហរទាក់ទងនឹងការប្រើប្រាស់អាវុធទំនើប ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក សម្រាប់គោលដៅក្នុងទឹកដីរុស្ស៉ីឡើយ បើទោះបីជាការរិតត្បិតលើការប្រើប្រាស់ដូច្នេះ ត្រូវបានដកចេញក្នុងជំនាន់លោក ចូ បៃដិន អតីតប្រធានាធិបតីអាមេរិកក៏ដោយ។ នៅក្នុងសេចក្តីថ្លែងការណ៏របស់ខ្លួន យោធាអ៊ុយក្រែនបានបញ្ជាក់ទៀតថា «ការប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយ រួមទាំងប្រព័ន្ធដូចជា ATACMS នឹងត្រូវធ្វើបន្តទៀត»។
គួរបញ្ជាក់ថា អ៊ុយក្រែនទទួលបានប្រព័ន្ធមីស៉ីល ATACMS កាលពីឆ្នាំ ២០២៣ ប៉ុន្តែអាចប្រើបានតែនៅក្នុងទឹកដីរបស់ខ្លួន ដែលរុស្ស៉ីដណ្តើមកាន់កាប់ប៉ុណ្ណោះ។ ក្រោយមកលោក បៃដិន បានដកការរិតត្បិតនេះចេញនៅឆ្នាំ ២០២៤។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងស្នើសុំអាមេរិកនូវមីស៉ីល Tomahawk ដែលអាចបាញ់បានចម្ងាយ ២ ៥០០គីឡូម៉ែត្រ ដោយនិយាយថាវាអាចបង្ខំរុស្ស៉ីឱ្យចូលតុចរចា៕






