ប្រធានាធិបតីហ្វីលីពីន ច្រានចោលការចោទប្រកាន់របស់បងស្រីលោក ដែលថារូបលោកប្រើប្រាស់គ្រឿងញៀន (Video inside)

19-11-2025 13:14

(ម៉ានីល)៖ កាលពីថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ការិយាល័យប្រធានាធីបតីហ្វីលីពីន បាននិយាយថា ការអះអាងធ្វើឡើង​ដោយបងស្រីបង្កើតរបស់លោក Ferdinand Marcos Jr ដែលថាលោកប្រធានាធិបតី ប្រើប្រាស់គ្រឿងញៀន គឺគ្មានមូលដ្ឋាន និងមិនគួរផ្តោតការចិត្តទុកដាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងអំឡុងព្រឹត្តិការណ៍ប្រមូលផ្តុំមួយដើម្បីប្រឆាំងអំពើពុករលួយ កាលពីថ្ងៃចន្ទ លោកស្រី Imee Marcos ដែលជាសមាជិកព្រឹទ្ធសភា បានធ្វើការអះអាងដោយគ្មានភស្តុតាងថា ប្អូនប្រុសរបស់លោកស្រី បានជួបការលំបាក ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន តាំងតែពីវ័យក្មេង ហើយបញ្ហានេះបានបន្តមកទល់សព្វថ្ងៃ។ លោកស្រីបានអះអាងទៀតថា វាគឺជាហេតុផលមួយ នៅពីក្រោយអំពើពុករលួយភ្លូកទឹកភ្លូកដី។

ជាការឆ្លើយតបលោកស្រី Claire Castro ដែលជាអ្នកនាំពាក្យរងរបស់លោក Marcos បាននិយាយកាលពីថ្ងៃអង្គារថា ការអះអាងរបស់លោកស្រី Imee Marcos គឺជារឿងគ្មានតម្លៃអ្វីនោះទេ ដោយលោកស្រី Castro បានលើកអំពីការធ្វើតេស្ត​រកសារធាតុញៀន ដែលលោក Macros បានឆ្លងកាត់កាលពីឆ្នាំ២០២១ នៅពេលលោកឃោសនាបោះឆ្នោតធ្វើជាប្រធានាធិបតី ហើយលទ្ធផលចេញមកអវិជ្ជមាន។

គួរបញ្ជាក់ថា លោកស្រី Imee Marcos គឺជាសម្ព័ន្ធមិត្តរបស់គ្រួសារអតីតប្រធានាធីបតីហ្វីលីពីន លោក Rodrigo Duterte ហើយធ្លាប់បានអះអាងថា លោកស្រីនិងលោក Marcos គឺលែងនិយាយរកគ្នាឬទាក់ទងគ្នាយូរហើយ។ លោកស្រី បានជាប់ជា​សមាជិកព្រឹទ្ធសភាឯករាជ្យ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីខែឧសភា ដោយមានការជ្រោមជ្រែង ពីអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte កូនស្រីរបស់លោក Rodrigo Duterte និងជាគូប្រជែងនយោបាយរបស់លោក Marcos។ លោក Duterte ត្រូវបានអាជ្ញាធរហ្វីលីពីន ចាប់ខ្លួនហើយបញ្ជូនទៅតុលាការទីក្រុងឡាអេ កាលពីខែមីនា ក្រោមដីកាពាក់ព័ន្ធសង្រ្គាមបង្រ្កាបគ្រឿងញៀនដ៏បង្ហូរឈាមរបស់លោក៕