រុស្ស៉ីបន្តបង្កើនការវាយប្រហារតាមអាកាសលើអ៊ុយក្រែន ដោយបណ្តាលឱ្យមនុស្ស៣៦នាក់រងរបួស នៅតំបន់ Kharkiv (Video inside)
19-11-2025 14:18
(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន នាថ្ងៃពុធនេះ បានឱ្យដឹងថា ការវាយប្រហារដោយដ្រូនរបស់រុស្ស៉ី កាលពីវេលាយប់កន្លងទៅ បានបណ្តាលឱ្យមនុស្សយ៉ាងហោច៣២នាក់រងរបួស នៅតំបន់ Kharkiv ខណៈវាគឺជាការវាយប្រហារ៣ថ្ងៃជាប់គ្នាហើយ មកលើតំបន់ភាគខាងកើតរបស់អ៊ុយក្រែនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ស្របពេលរដូវរងាខិតជិតដល់ជាថ្មីម្តងទៀត ទីក្រុងមូស្គូបាននិងកំពុងបង្កើនយុទ្ធនាការវាយប្រហាតាមផ្លូវអាកាសប្រឆាំងអ៊ុយក្រែន រៀលរាល់ថ្ងៃ ដោយកំណត់គោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពល ព្រមទាំងទីតាំងស៉ីវិលជាច្រើន។ អភិបាលតំបន់ Kharkiv លោក Oleg Synegubov បាននិយាយថា មនុស្សយ៉ាងហោច៣៦នាក់ បានរងរបួស ក្នុងការវាយប្រហារថ្មីចុងក្រោយនេះ ក្នុងនោះមានកុមារសរុប២នាក់ ហើយអគារស្នាក់នៅជាង១០ខ្នង សាលារៀន១ខ្នង ផ្សារទំនើប១កន្លែង និងចំណតរថយន្តសង្រ្គោះ១កន្លែង បានរងការខូចខាតក្នុងចំណោមអគារផ្សេងៗទៀត។
គួរបញ្ជាក់ថា ដោយនឹងត្រូវប្រឈមមុខជាមួយរដូវរងាដ៏អាក្រក់មួយទៀត ហើយគ្មានសញ្ញាវិជ្ជមាននៃកិច្ចចរចាស្វែងរកសន្តិភាព ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងប្រឹងប្រែងបំពេញទស្សនកិច្ចនៅអឺរ៉ុប ដើម្បីព្យាយាមប្រមែប្រមូលរកការគាំទ្រ សម្រាប់កងទ័ពនិងហេដ្ឋារចនាសម្ព័ន្ធថាមពល នៃប្រទេសរបស់លោក។ កាលពីថ្ងៃអង្គារ កងទ័ពរុស្ស៉ីបានបន្តប្រកាសពីភាពរីកចម្រើនរបស់ខ្លួននៅលើសមរភូមិ តាមរយៈការដណ្តើមកាន់កាប់បានភូមិ២ទៀត៕







