ក្រុមមន្រ្តីយោធាជាន់ខ្ពស់អាមេរិក កំពុងស្ថិតនៅអ៊ុយក្រែន ដើម្បីព្យាយាមស្តារកិច្ចពិភាក្សាសន្តិភាពឡើងវិញ ជាមួយរុស្ស៉ី (Video inside)
19-11-2025 15:10
(វ៉ាស៉ីនតោន)៖ កាសែតអាមេរិក Politico នាថ្ងៃពុធ ទី១៩ ខែវិច្ឆិកា បានរាយការណ៍ថា មន្រ្តីយោធាជាន់ខ្ពស់អាមេរិក២រូប បានធ្វើដំំណើរទៅដល់ទីក្រុងកៀវ ក្នុងទស្សនកិច្ចកម្រមួយមិនប្រកាសឱ្យដឹងជាមុន ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងគោលដៅព្យាយាមស្តារឡើងវិញ នូវកិច្ចពិភាក្សាសន្តិភាពជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
Politico បាននិយាយថា រដ្ឋលេខាធិការកងទ័ពជើងគោកអាមេរិក លោក Dan Dirscoll និងអគ្គសេនាធិការកងទ័ពជើងគោក នាយកឧត្តមសេនីយ៍ Randy George នឹងត្រូវជួបជាមួយលោក ហ្សេលេនស្គី ព្រមទាំងមេបញ្ជាការជាន់ខ្ពស់ និងសមាជិកសភារបស់អ៊ុយក្រែន។ ទន្ទឹមគ្នា យោងតាមសេចក្តីរាយការណ៍ដាច់ដោយឡែករបស់កាសែតអាមេរិក Wall Street Journal លោក Driscoll ក៏ត្រូវបានរំពឹងថា នឹងជួបជាមួយក្រុមមន្រ្តីរបស់រុស្ស៉ី នៅកាលបរិច្ឆេទក្រោយមួយផងដែរ។ កាលពីថ្ងៃអង្គារ កាសែតអាមេរិកមួយទៀត Axios បានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បាននិងកំពុងសំងំបង្កើតផែនការថ្មីមួយ ដើម្បីព្យាយាមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្រោមការប្រឹក្សាយោបល់ជាមួយរុស្ស៉ី។
គួរបញ្ជាក់ថា ចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំនេះមក ការធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដោយមន្រ្តីជាន់ខ្ពស់ពីរដ្ឋបាលរបស់លោក គឺមិនសូវត្រូវបានធ្វើឡើងទេ ដោយការទាក់ទងគ្នាភាគច្រើន បានប្រព្រឹត្តទៅនៅប្រទេសទី៣ ឬតាមរយៈវីដេអូ ដូច្នេះហើយការបំពេញទស្សនកិច្ចខាងលើរបស់លោក Driscoll និងលោក George គឺខុសពីធម្មតាខ្លាំង។ បើតាម Wall Street Journal សេតវិមានបានងាកទៅពឹងផ្អែកលើមន្រ្តីការពារជាតិ និងមេបញ្ជាការកងទ័ពជាន់ខ្ពស់បែបនេះ មួយផ្នែកគឺដោយសារសង្ឃឹមថា ទីក្រុងមូស្គូនឹងអាចឆ្លើយតបប្រសើរជាងមុន បន្ទាប់ពីកិច្ចប្រឹងប្រែងការទូតកន្លងមក មិនទទួលបានលទ្ធផលជាដុំកំភួនអ្វី ក្នុងកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាមអ៊ុយក្រែន៕






