មីស៉ីល និងដ្រូនរបស់រុស្ស៉ី ផ្ទុះកក្រើកនៅភាគខាងលិចអ៊ុយក្រែន (Video inside)

19-11-2025 16:17

(LVIV)៖ តាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន និងអ្នកព័ត៌មាន Reuters ការផ្ទុះនាំឱ្យកក្រើកទីក្រុង Lviv និង Ternopil របស់អ៊ុយក្រែន​ ភាគខាងលិច នាថ្ងៃពុធ ទី១៩ ខែវិច្ឆិកានេះ បន្ទាប់ពីយោធាអ៊ុយក្រែនរាយការណ៍ អំពីការវាយប្រហារដោយមីស៉ីល និងយន្តហោះដ្រូនរបស់រុស្ស៉ី។

រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន បានឱ្យដឹងថា ម្តងហើយម្តងទៀត រុស្ស៉ីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ ការផ្តាច់ភ្លើងភ្លាមៗ កើតមាននៅក្នុងតំបន់មួយចំនួនរបស់អ៊ុយក្រែន។ គេមិនទាន់ដឹងអំពីទំហំខូចខាតពេញនៅឡើយទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ុយក្រែន រាយការណ៍ថា អគារលំនៅដ្ឋានច្រើនជាន់មួយ នៅទីក្រុង Ternopil បានរងការវាយប្រហារ ខណៈដែលអ្នកព័ត៌មាន Reuters រាយការណ៍ថាមានការដាច់ចរន្តអគ្គិសនីក្នុងទីក្រុង Lviv អំឡុងការវាយប្រហារ។ អភិបាលតំបន់ភាគខាងលិច លោក Maksym Kozytskyi និយាយថា ការវាយប្រហារបានធ្វើឱ្យខូចខាតរោងចក្រថាមពល និងបានវាយប្រហារទីតាំងឧស្សាហកម្មក្នុងទីក្រុង Lviv ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសទេ៕