ប៉ូឡូញ បញ្ជាឱ្យបិទស្ថានកុងស៊ុលរុស្ស៊ី ក្រោយចោទប្រកាន់ទីក្រុងមូស្គូថា នៅពីក្រោយការបំផ្លិចបំផ្លាញផ្លូវរថភ្លើង (Video inside)
19-11-2025 18:47
(វ៉ារស្សាវ៉ា)៖ ប្រទេសប៉ូឡូញ បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងបិទស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុងកំពង់ផែភាគខាងជើង Gdansk បន្ទាប់ពីបានចោទប្រកាន់ទីក្រុងមូស្គូថា បានរៀបចំផែនការបំផ្លិចបំផ្លាញខ្សែរថភ្លើងមួយកាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។
រដ្ឋមន្ត្រីការបរទេស លោក រ៉ាដូស្លរ ស៊ីគ័រស្គី (Radoslaw Sikorski) បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធថា «ខ្ញុំបានសម្រេចចិត្តដកការយល់ព្រមសម្រាប់ប្រតិបត្តិការរបស់ស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Gdansk»។ មន្ត្រីប៉ូឡូញបានចោទប្រកាន់រុស្ស៊ីថា បានបញ្ជូនជនជាតិអ៊ុយក្រែនពីរនាក់ឱ្យទៅបំផ្លាញផ្នែកមួយនៃខ្សែរថភ្លើង Lublin-Warsaw ដែលបណ្តាលឱ្យផ្លូវដែកខូចខាត ខណៈដែលលោក ស៊ីគ័រស្គី បានហៅទង្វើនេះថាជា «អំពើភេរវកម្មរដ្ឋ»។
ទោះជាយ៉ាងណា វិមានក្រឹមឡាំងបានបដិសេធការចោទប្រកាន់នេះ ហើយបានចោទប្រកាន់ប៉ូឡូញវិញថា ជា «ការស្អប់រុស្ស៊ី»។ ក្រសួងការបរទេសរុស្ស៊ីបានព្រមានថា ខ្លួននឹងចាត់វិធានការសងសឹកចំពោះការបិទនេះ។ អ្នកនាំពាក្យក្រសួង លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បានបញ្ជាក់ថា «ជាវិធានការឆ្លើយតប រុស្ស៊ីនឹងកាត់បន្ថយវត្តមានផ្នែកការទូត និងកុងស៊ុលរបស់ប៉ូឡូញនៅក្នុងប្រទេសរុស្ស៊ី»។
គួរបញ្ជាក់ថា នេះមិនមែនជាស្ថានកុងស៊ុលរុស្ស៊ីដំបូងឡើយដែលប៉ូឡូញបានបិទ ហើយចំណាត់ការនេះនឹងធ្វើឱ្យស្ថានទូតរុស្ស៊ីនៅរដ្ឋធានីវ៉ារស្សាវ៉ា ក្លាយជាបេសកកម្មការទូតតែមួយគត់របស់ទីក្រុងមូស្គូនៅក្នុងប្រទេស។ ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងវ៉ារស្សាវ៉ា បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដោយប៉ូឡូញបានទទួលយកជនភៀសខ្លួនអ៊ុយក្រែនរាប់សែននាក់ និងបានក្លាយជាផ្លូវដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់អាវុធពីលោកខាងលិចទៅកាន់ទីក្រុងកៀវ៕






