មនុស្ស១៩នាក់ស្លាប់ និង៦៦នាក់រងរបួស ក្នុងការវាយប្រហារដ៏ធំរបស់រុស្ស៊ីលើអ៊ុយក្រែន (Video inside)
19-11-2025 20:10
(កៀវ)៖ មន្ត្រីអ៊ុយក្រែនបានប្រកាសនៅថ្ងៃពុធនេះថា មនុស្សចំនួន ១៩នាក់ត្រូវបានសម្លាប់ និង៦៦នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដ៏ធំមួយដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ីកាលពីយប់មិញ ដែលបានវាយប្រហារចំអគារផ្ទះល្វែងមួយកន្លែងនៅទីក្រុង Ternopil ភាគខាងលិចប្រទេស និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីបានឱ្យដឹងថា រុស្ស៊ីបានបាញ់បង្ហោះដ្រូនជាង ៤៧០គ្រឿង និងមីស៊ីល ៤៨គ្រាប់ នៅក្នុងការវាយប្រហារកាលពីយប់មិញ។ នៅទីក្រុង Ternopil ជាន់ខាងលើនៃអគារស្នាក់នៅត្រូវបានបំផ្លាញទាំងស្រុង ដោយមានផ្សែងខ្មៅហុយឡើង និងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីដើម្បីពិភាក្សាអំពីការស្តារកិច្ចចរចាសន្តិភាពឡើងវិញ បានបញ្ជាក់ថា អគារស្នាក់នៅពហុជាន់ត្រូវបានវាយប្រហារនៅ Ternopil ហើយបានលើកឡើងថា អ្នកផ្សេងទៀតអាចនឹងកំពុងជាប់នៅក្រោមគំនរបាក់បែក។ លោកបានជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនសម្ពាធលើរុស្ស៊ី ដោយបានសរសេរនៅលើបណ្តាញសង្គម X ថា «រាល់ការវាយប្រហារដ៏ព្រហើនមកលើជីវិតស៊ីវិល បង្ហាញថាសម្ពាធលើរុស្ស៊ីមិនគ្រប់គ្រាន់ទេ។ ទណ្ឌកម្មប្រកបដោយប្រសិទ្ធភាព និងជំនួយដល់អ៊ុយក្រែនអាចផ្លាស់ប្តូររឿងនេះបាន»។
ទន្ទឹមគ្នានេះ មន្ត្រីថាមពលបានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវបានវាយប្រហារនៅក្នុងតំបន់ចំនួនប្រាំពីររបស់អ៊ុយក្រែន។ ការវាយប្រហារនេះបានបង្ខំឱ្យមានការកាត់ផ្តាច់ថាមពលជាបន្ទាន់នៅតាមតំបន់មួយចំនួនដែលសីតុណ្ហភាពកំពុងធ្លាក់ចុះខ្លាំង និងបាននាំឱ្យមានការដាក់កំហិតលើការប្រើប្រាស់ថាមពលនៅទូទាំងប្រទេស៕






