កូរ៉េខាងត្បូង៖ សាឡាងដឹកអ្នកដំណើរ ផ្ទុកមនុស្ស២៦៧នាក់ ជាប់គាំងក្រោយបើកទៅទើរលើកោះ (Video inside)
19-11-2025 22:46
(សេអ៊ូល)៖ សាឡាងដឹកអ្នកដំណើរមួយគ្រឿងនៅកូរ៉េខាងត្បូង ដែលផ្ទុកអ្នកដំណើរ និងនាវិកសរុប ២៦៧នាក់ បានជាប់គាំងកាលពីថ្ងៃពុធ បន្ទាប់ពីបានបើកទៅទើរលើកោះថ្មមួយកន្លែងនៅចុងភាគនិរតីនៃឧបទ្វីបកូរ៉េ ហើយប្រតិបត្តិការជួយសង្គ្រោះមួយកំពុងដំណើរការយ៉ាងសកម្ម ដើម្បីនាំពួកគេមកកាន់ដីគោកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង (Lee Jae Myung) ដែលកំពុងបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា បានបញ្ជាឱ្យមានការជួយសង្គ្រោះអ្នកដំណើរទាំងអស់ឱ្យបានឆាប់រហ័ស ដើម្បីការពារកុំឱ្យមានអ្នករងគ្រោះ។ ឆ្មាំសមុទ្របានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរកំពុងដាក់ពង្រាយធនធានដែលអាចធ្វើទៅបានទាំងអស់ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ។ ឆ្មាំសមុទ្រជឿជាក់ថា មកទល់ពេលនេះមិនទាន់មានអ្នករងគ្រោះនោះទេ ហើយសាឡាងក៏មិនបានលិចចូលទឹកដែរ។
សាឡាងទម្ងន់ ២៦,០០០តោននេះ កំពុងធ្វើដំណើរពីកោះ Jeju ឆ្ពោះទៅកាន់ទីក្រុង Mokpo ហើយបានបើកទៅបុកកោះថ្មមួយកន្លែងនៅជិតតំបន់ Jindo។ វីដេអូបានបង្ហាញពីអ្នកដំណើរដែលកំពុងពាក់អាវពោងសុវត្ថិភាព រង់ចាំការផ្ទេរទៅកាន់ទូកសង្គ្រោះ។
គួរបញ្ជាក់ថា តំបន់ដែលកើតហេតុនេះ គឺស្ថិតនៅជិតទីតាំងនៃសោកនាដកម្មលិចសាឡាង Sewol កាលពីឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សជាង ៣០០នាក់ ដែលភាគច្រើនជាសិស្សសាលាដែលកំពុងធ្វើដំណើរកម្សាន្ត៕




