Financial Times៖ ផែនការសន្តិភាពថ្មីរបស់សហរដ្ឋអាមេរិក តម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលទឹកដី និងអាវុធមួយចំនួន (Video inside)

20-11-2025 08:47

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមានផែនការសន្តិភាពថ្មីមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលនឹងតម្រូវឱ្យទីក្រុងកៀវបោះបង់ចោលទឹកដី និងអាវុធមួយចំនួន ហើយបញ្ជូន សញ្ញាទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវតែទទួលយកផែនការថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times។

Financial Times ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលបានដឹងអំពីផែនការសន្តិភាពអ៊ុយក្រែនថ្មី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ដែលបានឱ្យដឹងថាផែនការសន្តិភាព ២៨ចំណុចត្រូវបានលើកឡើងដោយបេសកជនពិសេសអាមេរិក លោក Steve Witkoff នៅក្នុងជំនួបជាមួយលោក Rustem Umerov ជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិរបស់អ៊ុយក្រែនក្នុងទីក្រុង Miami រដ្ឋ Florida កាលពីដើមសប្ដាហ៍នេះ។

នៅក្រោមផែនការថ្មីនេះ អ៊ុយក្រែននឹងត្រូវតម្រូវឱ្យបោះបង់ចោលទឹកដីនៃតំបន់ដុនបាស់ស្ថិតនៅភាគខាងកើតអ៊ុយក្រែន ក្នុងនោះរួមមានរួមទាំងទឹកដីដែលកងទ័ពអ៊ុយក្រែនកំពុងកាន់កាប់ និងត្រូវកាត់បន្ថយទំហំកងកម្លាំងពាក់កណ្ដាល។ មិនតែប៉ុណ្ណោះ ផែនការសន្តិភាពថ្មី ក៏នឹងតម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលប្រភេទអាវុធមួយចំនួនផងដែរ រីឯជំនួយយោធាពីសហរដ្ឋអាមេរិកនឹងត្រូវកាត់បន្ថយ៕