យន្ដហោះចម្បាំង F-35 ដែលអាមេរិកនឹងលក់ឱ្យអារ៉ាប៊ីសាអូឌីត មានបច្ចេកវិទ្យាទាបជាង F-35 របស់អ៉ីស្រាអែល (Video inside)
20-11-2025 09:24
(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក និងអ្នកជំនាញយោធា បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកាថា យន្ដហោះចម្បាំងបំបាំងកាយ F-35 ដែលសហរដ្ឋអាមេរិកមានគម្រោងលក់ទៅឱ្យ អារ៉ាប៊ីសាអូឌីត គឺជាប្រភេទយន្ដហោះមានបច្ចេកវិទ្យាទាបជាងយន្ដហោះចម្បាំង F-35 ដែលអ៉ីស្រាអែលកំពុងប្រើ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្នុងសប្ដាហ៍ពីគម្រោងលក់យន្ដហោះចម្បាំង F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត ជាកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាល់ម៉ាន រជ្ជទាយាទរបស់អារ៉ាប៊ីសាអូឌីតទៅកាន់សេតវិមាន។ ក៏ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកបានធានាថាយន្ដហោះចម្បាំងដែលលក់ឱ្យអារ៉ាប៊ីសាអូឌីតនឹងមានបច្ចេកវិទ្យាទាបជាង យន្ដហោះចម្បាំង F-35 ដែលអ៉ីស្រាអែលកំពុងប្រើសព្វថ្ងៃ ក្នុងនោះរួមមានប្រព័ន្ធអាវុធទំនើប និងបរិក្ខារ electronic warfare។ នេះគឺអនុលោមតាមច្បាប់មួយរបស់សហរដ្ឋអាមេរិក ដែលតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនត្រូវតែធានាឱ្យបានថាអ៉ីស្រាអែលមានឧត្តមភាពយោធាលើសប្រទេសណាៗទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា។
បន្ថែមពីលើនេះ លោក Douglas Birkey ជាអ្នកជំនាញយោធា និងជានាយកប្រតិបត្តិនៃវិទ្យាស្ថាន Mitchell Institute for Aerospace Studies បាននិយាយថាទោះជាទទួលបានយន្ដហោះចម្បាំង F-35 ក៏អារ៉ាប៊ីសាអូឌីតទំនងជានឹងមិនអាចទទួលបានមីស៊ីល AIM-260 ដែលជាប្រភេទមីស៊ីលដ៏ទំនើបចុងក្រោយសម្រាប់បំពាក់លើ F-35 នោះទេ។
គួរបញ្ជាក់ថា គម្រោងលក់យន្ដហោះចម្បាំង F-35 របស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យអារ៉ាប៊ីសាអូឌីត ចូលរួមជាមួយកាតា និងអេមីរ៉ាតអារ៉ាប់រួមដែលទទួលបានសំណើលក់យន្ដហោះចម្បាំងដ៏ទំនើបនេះពីសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀងទាំងនេះនៅតែមានភាពចម្រូងចម្រាសដោយសារបញ្ហាពេលវេលានៃការប្រគល់ សមត្ថភាពយន្ដហោះចម្បាំង និងការព្រួយបារម្ភពីការបែកធ្លាយបច្ចេកវិទ្យា ទៅក្នុងដៃរបស់ចិន៕





