ឥណ្ឌូណេស៊ី ជម្លៀសមនុស្ស ៩០០នាក់ និងសង្រ្គោះអ្នកឡើងភ្នំជាច្រើននាក់ ក្រោយភ្នំភ្លើង Semeru ផ្ទុះ (Video inside)
20-11-2025 10:32
(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានជម្លៀសមនុស្ស៩០០នាក់ និងបានជួយសង្រ្គោះអ្នកឡើងភ្នំ១៧០នាក់ដោយសុវត្ថិភាព នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា បន្ទាប់ពីភ្នំភ្លើង Semeru បានផ្ទុះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសអាសន្នកម្រិតខ្ពស់នៅតែបន្តអនុវត្តដដែល បន្ទាប់ពីភ្នំភ្លើង Semeru នៅលើកោះជ្វាបានផ្ទុះ ១០ដង កាលពីថ្ងៃពុធម្សិលមិញ ដោយបញ្ចេញផេះ និងកម្អែភ្នំភ្លើងព្រមទាំងដុំថ្ម។ ភ្នំភ្លើង Semeru បានផ្ទុះលើកចុងក្រោយបំផុតកាលពីខែធ្នូ ឆ្នាំ២០២១ ហើយនៅពេលនោះមានមនុស្ស៥១នាក់បានស្លាប់ រីឯភូមិជាច្រើននៅក្បែរត្រូវបានគ្របដណ្ដប់ដោយផេះ។
Semeru ដែលមានកម្ពស់ ៣៦៧៦ម៉ែត្រ គឺជាភ្នំភ្លើងមួយស្ថិតនៅក្នុងចំណោមភ្នំភ្លើងសកម្មទាំង១៣០របស់ឥណ្ឌូណេស៊ីដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក និងតែងតែជួបប្រទះបន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដីជាញឹកញប់៕







