ពេជ្រមិនទាន់កែច្នៃទម្ងន់ ៣០០គីឡូក្រាម ត្រូវបានរកឃើញក្នុងវិមានប្រធានាធិបតីប្រទេសម៉ាដាហ្កាស្កា (Video inside)
20-11-2025 11:12
(អង់តាណាណារីវ)៖ ប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសម៉ាដាហ្កាស្កា ដែលដណ្តើមអំណាចបានកាលពីខែមុន បានបង្ហាញពេជ្រមិនទាន់កែច្នៃទម្ងន់ ៣០០គីឡូក្រាម ដែលលោកនិយាយថា វាត្រូវបានគេរកឃើញនៅក្នុងវិមានប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ពេជ្រមិនទាន់កែច្នៃ រំលេចដោយពណ៌បៃតងភ្លឺចែងចាំង ត្រូវបានបង្ហាញកាលពីថ្ងៃអង្គារ នៅខាងក្នុងវិមានប្រធានាធិបតីម៉ាដាហ្កាស្កា ក្នុងរដ្ឋធានី Antananarivo។ លោក Michael Randrianirina គូសបញ្ជាក់ថា «នេះជាទ្រព្យសម្បត្តិជាតិ។ វាអាចនឹងត្រូវដាក់លក់ ហើយអាស្រ័យលើការពន្យល់ពីរដ្ឋមន្ត្រី អំពីនីតិវិធីដែលនឹងត្រូវអនុវត្តដើម្បីបង្កើនចំណូលរដ្ឋ» ដោយសន្យាថានឹងមាន «តម្លាភាពពេញលេញ»។
លោក Michael Randrianirina មិនបានផ្តល់ព័ត៌មានលម្អិតអំពីការរកឃើញដោយវិធីណា ពេលណា និងនៅទីកន្លែងណាទេ។ រដ្ឋាភិបាលរបស់លោកនិយាយថា ចំណូលដែលបានមកពីការលក់ត្បូងពេជ្រនេះ នឹងចូលទៅក្នុងរតនាគារជាតិ៕





