អ៉ីស្រាអែល បង្កើនការវាយប្រហារលើភាគខាងត្បូងលីបង់ ចោទក្រុម Hezbollah ព្យាយាមបំពាក់អាវុធឡើងវិញ (Video inside)
20-11-2025 11:49
(បេរូត)៖ យោធាអ៉ីស្រាអែល បានបង្កើនការវាយប្រហារលើភាគខាងត្បូងនៃប្រទេសលីបង់ កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ ខណៈដែលបានដាក់គោលដៅវាយប្រហារស្ទើរតែរាល់ថ្ងៃ ដោយនិយាយថា ដើម្បីរារាំងការបំពាក់អាវុធឡើងវិញនៃក្រុម Hezbollah។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៥។
កាលពីថ្ងៃពុធ អ្នកស្រុកបាននាំគ្នារត់គេច បន្ទាប់ពីអ៉ីស្រាអែលប្រកាសពីទីតាំងអគារដែលត្រូវធ្វើការវាយប្រហារ ក្នុងភូមិចំនួន ៤នៅភាគខាងត្បូងលីបង់ ដោយនិយាយថា វាជាហេដ្ឋារចនាសម្ព័ន្ធយោធា Hezbollah។ តាមយោធាអ៉ីស្រាអែល ខ្លួនបានវាយប្រហារកន្លែងផ្ទុកអាវុធ ដែលជាកម្មសិទ្ធិរបស់អង្គភាពរ៉ុក្កែតរបស់ Hezbollah ហើយបានចាត់វិធានការដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៉ីវិល។
អ៉ីស្រាអែលចោទប្រកាន់ក្រុម Hezbollah ថាព្យាយាមកសាងកម្លាំងឡើងវិញ ចាប់តាំងពីមានបទឈប់បាញ់គាំទ្រដោយអាមេរិក កាលពីឆ្នាំមុន។ ប៉ុន្តែក្រុមនេះនិយាយថា ខ្លួនបានគោរពតាមតម្រូវការឱ្យបញ្ចប់វត្តមានយោធា នៅតំបន់ព្រំដែនជិតអ៉ីស្រាអែល និងឱ្យកងទ័ពលីបង់ដាក់ពង្រាយនៅទីនោះ។ លីបង់និយាយថា អ៉ីស្រាអែលបានបំពានកិច្ចព្រមព្រៀង តាមរយៈការបន្តដណ្តើមកាន់កាប់ភាគខាងត្បូង៕






