អង្គការ Oxfam ថា មហាសេដ្ឋីនៅបណ្តាប្រទេសនៃក្រុម G20 អាចបញ្ចប់ភាពក្រីក្រលើពិភពលោកបាន ដោយប្រើប្រាក់ចំណូលសរុបត្រឹមតែ១ឆ្នាំ របស់ពួកគេប៉ុណ្ណោះ (Video inside)
20-11-2025 13:07
(ឡុងដ៍)៖ នាថ្ងៃព្រហស្បតិ៍នេះ អង្គការ Oxfam ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា មហាសេដ្ឋីពាន់លាន នៅតាមបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗបំផុតរបស់ពិភពលោក នៃក្រុម G20 រកចំណូលសរុបបញ្ចូលគ្នាបានរហូតដល់២.២ទ្រីលានដុល្លារ កាលពីឆ្នាំ២០២៤ ដែលលើសពីគ្រប់គ្រាន់ទៅទៀត ដើម្បីបញ្ចប់ភាពក្រីក្រនៅលើពិភពលោកទាំងមូល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។
អង្គការ Oxfam បានទទូចឱ្យកិច្ចប្រជុំកំពូលនាចុងសប្តាហ៍នេះ របស់ក្រុម G20 ផ្តល់ការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដែលមានគោលដៅដោះស្រាយបញ្ហាវិសមភាពទ្រព្យសម្បតិ្តដ៏ធំសម្បើមរបស់ពិភពលោក និងបញ្ហាបំណុលរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
ដោយផ្អែកលើបញ្ជីរបស់ទស្សនាវដ្តី Forbes អង្គការ Oxfam បានកត់សម្គាល់ថា មហាសេដ្ឋីពាន់លានទាំងឡាយ នៅប្រទេសទាំង១៩ ដែលស្ថិតក្នុងក្រុម G20 រកចំណូលបាន២.២ទ្រីលានដុល្លារ កាលពីឆ្នាំមុន ស្របពេលដែលទ្រព្យសម្បត្តិសរុបបញ្ចូលគ្នារបស់ពួកគេ បានកើនដល់១៥.៦ទ្រីលានដុល្លារ។ Oxfam បានបន្តថា ថវិកាចាំបាច់ដើម្បីជួយសង្រ្គោះមនុស្សសរុប៣.៨ពាន់លាននាក់ ដែលបច្ចុប្បន្នកំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ គឺ១.៦១ទ្រីលានដុល្លារ។
អង្គការ Oxfam បានគាំទ្រគំនិតផ្តួចផ្តើមមួយ ដែលអាហ្រ្វិកខាងត្បូងគ្រោងនឹងបង្ហាញ អំឡុងកិច្ចប្រជុំកំពូលថ្ងៃទី២២-២៣ ខែវិច្ឆិកា ដែលមានគោលដៅបង្កើតក្រុមការងារអន្តរជាតិមួយ ដើម្បីដោះស្រាយបញ្ហាវិសមភាពទ្រព្យសម្បត្តិរបស់ពិភពលោក។ មិនតែប៉ុណ្ណោះ Oxfam បានអំពាវនាវឱ្យក្រុមមហាសេដ្ឋី ត្រូវបានយកពន្ធឱ្យស្មើភាព ដើម្បីជួយដល់ កិច្ចប្រឹងប្រែងបញ្ចប់ភាពក្រីក្រ ក៏ដូចជាបញ្ហាប្រែប្រួលអាកាស។ ដោយឡែក សម្រាប់ការអំពាវនាវឱ្យមានសកម្មភាពស្តីពីបញ្ហាបំណុល Oxfam បានលើកឡើងថា សព្វថ្ងៃមនុស្ស៣.៤ពាន់លាននាក់ កំពុងរស់នៅក្នុងប្រទេសដែលចំណាយលើបង់ការប្រាក់ ច្រើនជាងលើវិស័យអប់រំ និងសុខាភិបាល។
គួរបញ្ជាក់ថា ក្រុម G20 រួមមានប្រទេសចំនួន១៩ ព្រមទាំងសហភាពអឺរ៉ុបនិងសហភាពអាហ្រ្វិក ដែលសរុបបញ្ចូលគ្នាតំណាងឱ្យ៨៥ភាគរយ នៃទំហំ GDP របស់សកលលោក និង២ភាគ៣នៃចំនួនប្រជាជនរបស់ពិភពលោកទាំងមូល៕







