គ្រោះទឹកជំនន់នៅប្រទេសវៀតណាម ផ្តាច់ជីវិតមនុស្សកើនដល់១៦នាក់ និងជន់លិចផ្ទះសម្បែងរាប់ម៉ឺនខ្នង (Video inside)

20-11-2025 13:41

(ហាណូយ)៖ នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលវៀតណាម បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ អំឡុងការវាយប្រហារជុំថ្មីផ្សេងទៀត​ នៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដី នៅភាគកណ្តាលប្រទេស គិតចាប់តាំងពីចុងសប្តាហ៍មុនមក បានបន្តកើនដល់១៦នាក់ ហើយបណ្តាលឱ្យក្រុងនិងភូមិជាច្រើនរងការជន់លិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្រិតភ្លៀងធ្លាក់បានកើនលើស១៥០០មីលីម៉ែត្រ នៅផ្នែកមួយចំនួននៃភាគកណ្តាលវៀតណាម។ ក្រៅពីផ្តាច់ជីវិតមនុស្ស ទឹកជំនន់និងគ្រោះបំណាក់ដី បានបណ្តាលឱ្យមនុស្ស៥នាក់បាត់ខ្លួន ជន់លិចផ្ទះសម្បែងជាង ៤៣ ០០០ខ្នង រួមជាមួយផ្ទៃដីដំណាំជាង១០ ០០០ហិកតា។ ទន្ទឹមគ្នានេះ លំនៅដ្ឋាននិងអាជីវកម្មប្រហែល៥៥៣ ០០០កន្លែង កំពុងបន្តប្រឈម​ការដាច់អគ្គិសនី បន្ទាប់បណ្តាញផ្គត់ផ្គង់ថាមពល បានរងការខូចខាតដោយសារទឹកជំនន់។

ទីភ្នាក់ងារជាតិឧតុនិយមវៀតណាម បានព្រមានថា តំបន់ភាគកណ្តាល នឹងបន្តទទួលរងការជន់លិច និងគ្រោះរអិលបាក់ដីថែមទៀត ខណៈការធ្លាក់ភ្លៀងខ្លាំង ត្រូវបានព្យាករថា នឹងនៅតែបន្ត៕