អ្នកនយោបាយនៅអាមេរិក រងការចោទប្រកាន់ពីបទលួចលុយ៥លានដុល្លារ ពីមូលនិធិគ្រោះមហន្តរាយ (Video inside)

20-11-2025 14:06

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ក្រុមរដ្ឋអាជ្ញានៅសហរដ្ឋអាមេរិក បានឱ្យដឹងថា អ្នកនយោបាយម្នាក់នៃរដ្ឋ Florida ត្រូវបានចោទប្រកាន់ជាផ្លូវការ ក្រោមការសង្ស័យថា អ្នកនយោបាយរូបនោះ បានលួចលុយ៥លានដុល្លារពីមូលនិធិគ្រោះមហន្តរាយ របស់រដ្ឋាភិបាលសហព័ន្ធ ហើយប្រើប្រាស់លុយនោះ ទៅចំណាយលើ​យុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តំណាងរាស្រ្តប្រចាំរដ្ឋ Florida លោកស្រី Sheila Cherfilus-McCormick ដែលមកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានចោទប្រកាន់ពីបទលួចយកលុយ ដែលទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ របស់រដ្ឋាភិបាលសហព័ន្ធ បានផ្តល់ឱ្យលើស ទៅក្រុមហ៊ុនសុខភាពនៃគ្រួសាររបស់ខ្លួន តាមរយៈកិច្ចសន្យាពាក់ព័ន្ធការចាក់វ៉ាក់សាំងកូវីដ។ រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក លោកស្រី Pam Bondi បាននិយាយថា ការលួចមូលនិធិជួយសង្រ្គោះគ្រោះមហន្តរាយ ដើម្បីទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន គឺជាបទល្មើសអត្មានិយមឥតកេរ្តិ៍ខ្មាស។

គួរបញ្ជាក់ថា លោកស្រី Cherfilus-McCormick បានជាប់ឆ្នោតជាសមាជិកសភានៅក្នុងរដ្ឋ Florida កាលពី២០២២។ កាលពីខែធ្នូ ឆ្នាំ២០២៤ ទីភ្នាក់ងារសហព័ន្ធមួយនៅរដ្ឋ Florida បានដាក់ពាក្យបណ្តឹងប្រឆាំងក្រុមហ៊ុន ដែលជាកម្មសិទ្ធិរបស់​គ្រួសារលោកស្រី ដោយនិយាយថា ក្រុមហ៊ុននោះបានទាមទារប្រាក់ពីរដ្ឋ លើសដល់ទៅជិត៥.៨លានដុល្លារ សម្រាប់ការងារ ដែលបានធ្វើកាលពីអំឡុងវិបត្តិកូវីដ ហើយមិនសងថ្លៃបង់ប្រាក់លើសនោះមកវិញ៕