អាមេរិកផ្តល់ភ្លើងបៃតង សម្រាប់ការលក់អាវុធប្រឆាំងរថក្រោះ និងគ្រាប់បាញ់ផ្លោង តម្លៃជិត១០០លានដុល្លារឱ្យទៅឥណ្ឌា (Video inside)
20-11-2025 14:44
(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ DSCA របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានផ្តល់ភ្លើងបៃតង ចំពោះគម្រោងលក់ប្រព័ន្ធមីស៉ីលប្រឆាំងរថក្រោះ Javelin និងគ្រាប់ផ្លោង Excalibur ក្នុងតម្លៃសរុប៩៣លានដុល្លារ ឱ្យទៅប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
គម្រោងខាងលើនេះ គឺជាលើកដំបូងសម្រាប់ឥណ្ឌា នៅក្រោមកម្មវិធីលក់អាវុធឱ្យយោធាបរទេសរបស់ទីក្រុងវ៉ាស៉ីនតោន គិតចាប់តាំងពីទំនាក់ទំនងទ្វេភាគីបានជួបភាពល្អក់កករ កាលពីខែសីហាកន្លងទៅ ក្រោយប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដំឡើងពន្ធគយទ្វេដងលើទំនិញនាំចូលពីឥណ្ឌា ដល់៥០ភាគរយ ដើម្បីដាក់ពិន័យលើទីក្រុងញូវដែលី សម្រាប់ការបន្តទិញប្រេងពីរុស្ស៉ី។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារ DSCA រដ្ឋាភិបាលឥណ្ឌា បានស្នើទិញគ្រាប់ផ្លោង Excalibur សរុប២១៦គ្រាប់ និងប្រព័ន្ធ Javelin ចំនួន១០០គ្រឿង។ បច្ចុប្បន្ន ឥណ្ឌាមានប្រើប្រាស់រួចជាស្រេច នូវគ្រាប់ផ្លោង Excalibur ក្នុងប្រព័ន្ធកាំភ្លើងធំ M-777 របស់ខ្លួន៕







