លោក Pistorius ថាអាល្លឺម៉ង់ មិនអាចសម្រេចគោលដៅ NATO លើការចំណាយផ្នែកការពារជាតិ (Video inside)

20-11-2025 15:13

(MUNICH)៖ រដ្ឋមន្រ្តីការពារជាតិ លោក Boris Pistorius បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា អាល្លឺម៉ង់ នឹងមិនសម្រេចបានគោលដៅចំណាយលើវិស័យការពារជាតិ ៣.៥ភាគរយនាឆ្នាំ ២០២៩នោះទេ ខណៈប្រទេសនេះចំណាយអស់ច្រើន នៅក្នុងសង្គ្រាមរបស់រុស្ស៉ីជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោក Pistorius បាននិយាយនៅឯទីក្រុង Munich ថាការចំណាយលើវិស័យការពារជាតិអាល្លឺម៉ង់ នឹងមានចំនួន ៣.០៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ តួលេខនេះគឺតិចជាងការសន្យាចំណាយឱ្យបាន ៣.៥ភាគរយនៅក្នុងកញ្ចប់ថវិកាយោធា និង ១.៥ភាគរយទៀតនៃការចំណាយទាក់ទងនឹងវិស័យការពារជាតិ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអង្គការណាតូ (NATO) នៅទីក្រុងឡាអេឆ្នាំនេះបានឯកភាពគ្នាថា សម្ព័ន្ធមិត្តនឹងសម្រេចគោលដៅចំណាយថ្មីចំនួន ៥ភាគរយនៃ GDP នៅឆ្នាំ ២០៣៥។ គោលដៅនេះគឺមាន ៣.៥ភាគរយក្នុងកញ្ចប់ថវិកាការពារជាតិ និង ១.៥ភាគទៀតនៃការចំណាយទាក់ទងនឹងវិស័យការពារជាតិ៕