មេដឹកនាំតៃវ៉ាន់បង្ហាញការគាំទ្រដល់ជប៉ុន ក្នុងជម្លោះការទូតជាមួយចិន (Video inside)

20-11-2025 15:43

(តៃប៉ិ)៖ នាថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកានេះ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានបង្ហាញការគាំទ្ររបស់លោក ដល់ប្រទេសជប៉ុន តាមរយៈការបង្ហោះរូបភាពទទួលទានអាហារ sushi និងគ្រឿងសមុទ្រ មានប្រភពមកពីជប៉ុន បន្ទាប់ពីចិនបានប្រកាសថា នឹងដាក់បម្រាមហាមឃាត់ការនាំចូល លើគ្រឿងសមុទ្រជប៉ុនទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Lai បានបង្ហោះរូបភាពញ៉ាំអាហារថ្ងៃត្រង់ sushi ធ្វើពីត្រីលឿងកន្ទុយវែងមកពីទីក្រុង Kagoshima និង scallops មកពីទីក្រុង Hokkaido ប្រទេសជប៉ុន លើបណ្តាញសង្គម X ដោយសរសេរជាអក្សរជប៉ុនថា «អាហារថ្ងៃត្រង់ថ្ងៃនេះ មាន sushi និងស៊ុប miso»

ទំនាក់ទំនងរវាងជប៉ុន និងចិនបានធ្លាក់ចូលទៅក្នុងភាពតានតឹងជាថ្មី បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនថ្មី លោកស្រី Sanae Takaichi និយាយថានឹងជួយអន្តរាគមន៍ ទាក់ទងលទ្ធភាពដែលចិនកម្លាំងយោធាលើតៃវ៉ាន់។ ក្រោយមកចិនបានប្រកាសថា នឹងផ្អាកការនាំចូលគ្រៀងសមុទ្រពីជប៉ុន។ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Lin Chia-lung បាននិយាយថា «យើងត្រូវតែជួយឱ្យជប៉ុន រក្សាស្ថេរភាពស្ថានការណ៍ ពេលកំពុងជួបប្រទះបញ្ហាជាមួយចិន»

គួរបញ្ជាក់ថា រដ្ឋបាលតៃវ៉ាន់ ដែលបដិសេធបំណងចង់គ្រប់គ្រងពីទីក្រុងប៉េកាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក៏ត្រូវបានហាមមិនឱ្យនាំចូលអាហារស្រដៀងគ្នានេះទៅចិនដែរ រួមមានទាំងផ្លែម្នាស់ និងត្រីតៃវ៉ាន់ ដែលទីក្រុងតៃប៉ិនិយាយថា ជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធ៕