អ្នកវិទ្យាសាស្ត្ររកឃើញសំបុកពីងពាងយក្ស ទំហំជិតពាក់កណ្តាលតារាងវាយកូនបាល់ នៅរូងភ្នំព្រំដែនក្រិក-អាល់បានី (Video inside)

20-11-2025 19:44

(អាថែន)៖ អ្នកវិទ្យាសាស្ត្របានរកឃើញសំបុកពីងពាងដ៏ធំសម្បើមមួយ ដែលមានទំហំប្រហែលពាក់កណ្តាលនៃតារាងវាយកូនបាល់ (tennis court) និងមានសត្វពីងពាងរស់នៅប្រមាណ ១១១,០០០ក្បាល នៅក្នុងរូងភ្នំមួយនៅតាមព្រំដែនរវាងប្រទេសក្រិក និងអាល់បានី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិជាច្រើន។

យោងតាមការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្តី Subterranean Biology សំបុកពីងពាងនៅក្នុង «រូងស្ពាន់ធ័រ» (Sulfur Cave) នៃតំបន់ Vromoner Gorge នេះ គ្របដណ្តប់លើផ្ទៃដីប្រហែល ១០៦ម៉ែត្រការ៉េ។ ក្នុងនោះមានពីងពាងផ្ទះ (domestic house spiders) ប្រមាណ ៦៩,០០០ក្បាល និងពីងពាងតម្បាញតឿ (dwarf weavers) ជាង ៤២,០០០ក្បាល។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិក្នុងប្រទេសអាល់បានី រ៉ូម៉ានី បែលហ្ស៊ិក អាល្លឺម៉ង់ និងអ៊ីតាលី បានហៅការរកឃើញនេះថាជា «ករណីដំបូងដែលត្រូវបានកត់ត្រាអំពីការបង្កើតសំបុកបែបអាណានិគម» នៃប្រភេទសត្វដែលជាធម្មតារស់នៅតែឯកឯងទាំងពីរប្រភេទនេះ។ អ្នកជំនាញបានពន្យល់ថា រចនាសម្ព័ន្ធដ៏ធំនេះកើតឡើងពី «សំបុកពីងពាងរាងជាបំពង់ផ្សែង (funnel-shaped) រាប់មិនអស់» ដែលតភ្ជាប់គ្នា។

គួរបញ្ជាក់ថា រូងភ្នំនេះត្រូវបានគេហៅថា «រូងស្ពាន់ធ័រ» ដោយសារវាសម្បូរទៅដោយសារធាតុមួយនេះ។ ទីតាំងរបស់វាស្ថិតនៅលើខ្សែបន្ទាត់ព្រំដែនតែម្តង ដោយច្រកចូលស្ថិតនៅប្រទេសក្រិក ប៉ុន្តែផ្នែកខាងក្នុងស្ថិតនៅក្នុងទឹកដីអាល់បានី។ ក្រុមអ្នកស្រាវជ្រាវចាត់ទុកថា សំបុកពីងពាងដ៏ធំនេះមានលក្ខណៈពិសេស និងកម្របំផុត ព្រោះសត្វពីងពាងរាប់សែនក្បាលអាចរស់នៅប្រមូលផ្តុំគ្នាយ៉ាងច្រើន ដោយសារតែមានចំណីអាហារសម្បូរបែបនៅក្នុងរូងភ្នំនោះ៕