សេតវិមាន៖ ផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក គឺល្អទាំងសម្រាប់រុស្ស៉ី និងអ៊ុយក្រែន (Video inside)

21-11-2025 08:56

​(វ៉ាស៊ីនតោន)៖ សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ថាផែនការសន្តិភាពថ្មីមួយរបស់សហរដ្ឋអាមេរិកគាំទ្រដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងត្រូវបានចរចាជាមួយ រុស្ស៉ី និងអ៊ុយក្រែន គឺល្អសម្រាប់ភាគីទាំងសងខាង ដោយច្រានចោលការព្រួយបារម្ភថាផែនការនេះលម្អៀងតែទៅខាងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានទទួលស្គាល់ថាបេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ លោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានធ្វើការជាសម្ងាត់លើផែនការសន្តិភាពថ្មីដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនអស់ជាច្រើនខែមកហើយ។ «លោកប្រធានាធិបតី (ត្រាំ) គាំទ្រផែនការនេះ ហើយវាជាផែនការល្អមួយសម្រាប់ទាំងរុស្ស៉ី និងអ៊ុយក្រែន»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Leavitt ដោយបន្ថែមថាទីក្រុងវ៉ាស៊ីនតោនមានកិច្ចសន្ទនាល្អជាមួយអ៊ុយក្រែន និងរុស្ស៉ី ក្នុងការស្វែងយល់ថាតើប្រទេសទាំង២មានការប្ដេជ្ញាចិត្តចំពោះអ្វីខ្លះ។

គួរបញ្ជាក់ថា នេះជាការទទួលស្គាល់ជាលើកដំបូងពីសេតវិមានអំពីសេចក្ដីព្រាងផែនការសន្តិភាពថ្មីមួយដែលក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានបង្ហាញទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នៅក្រោមផែនការថ្មីនេះដែលបណ្ដាប្រព័ន្ធផ្សព្វផ្សាយធំៗរាយការណ៍ថាជាផែនការ២៨ចំណុច មានលក្ខខណ្ឌខ្លះដែលមើលទៅជាការដាក់សម្ពាធលើអ៊ុយក្រែន ដូចជាការតម្រូវឱ្យអ៊ុយក្រែន កាត់ទឹកដីតំបន់ដុនបាស់ទាំងមូលទៅឱ្យរុស្ស៉ី និងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន៕