លោក ហ្សេលេនស្គី ត្រៀមខ្លួនដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក លើផែនការសន្តិភាពថ្មី ខណៈអឺរ៉ុបបង្ហាញជំហរជំទាស់ (Video inside)
21-11-2025 09:23
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយបន្ទាប់ពីបានជួបពិភាក្សាជាមួយមន្ត្រីយោធាអាមេរិកជាន់ខ្ពស់ម្នាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកាថារូបលោកបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិកលើផែនការសន្តិភាពថ្មីមួយ ក្នុងការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈបណ្ដាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបនៅតែបន្តប្រកាន់ជំហរប្រឆាំងនឹងការធ្វើសម្បទានឱ្យរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្រោមផែនការសន្តិភាពថ្មីមួយគាំទ្រដោយសហរដ្ឋអាមេរិកដែល Reuters បានឃើញ ទីក្រុងកៀវនឹងត្រូវតម្រូវឱ្យបោះបង់ចោលតំបន់ដុនបាស់ទាំងមូលទៅឱ្យរុស្ស៉ី ហើយថែមទាំងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន ទៀតផង ដែលលក្ខខណ្ឌទាំងនេះត្រូវបានសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនចាត់ទុកថាជាការឱនក្បាលសុំចុះចាញ់រុស្ស៉ី។ ផែនការថ្មីនេះបាននិយាយថាអ៊ុយក្រែននឹងត្រូវកាត់បន្ថយកងទ័ពឱ្យមកនៅត្រឹម ៦០០ ០០០នាក់ ជាថ្នូរទៅនឹងការទទួលបានការធានាសន្តិសុខដ៏រឹងមាំមួយ ដោយមិនទាន់មានការបញ្ជាក់អ្វីលម្អិតទេ។ មិនតែប៉ុណ្ណោះ ក៏នៅមានការធ្វើសម្បទានជាច្រើនទៅឱ្យរុស្ស៉ីផងដែរ ក្នុងនោះរួមមានត្រូវទទួលស្គាល់ជាក់ស្ដែងថា តំបន់ Crimea Luhansk និង Donetsk ជាទឹកដីរុស្ស៉ីដោយសហរដ្ឋអាមេរិក រីឯកងទ័ពអ៊ុយក្រែននឹងត្រូវដកថយចេញពីផ្នែកសេសសល់ដែលខ្លួនកំពុងគ្រប់គ្រង់ក្នុងតំបន់ Donetsk។
លោក ហ្សេលេនស្គី ដែលការិយាល័យរបស់លោកទទួលបានសេចក្ដីព្រាងនៃផែនការសន្តិភាពថ្មីរួចហើយនោះ បាននិយាយក្រោយជំនួបជាមួយលេខាងធិការកងទ័ពអាមេរិក លោក Daniel Driscoll ក្នុងទីក្រុងកៀវ ថាអ៊ុយក្រែន និងវ៉ាស៊ីនតោននឹងធ្វើការជាមួយគ្នាលើផែនការថ្មីនេះ។ «ក្រុមការងាររបស់យើង អ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងធ្វើការស្ដីពីចំណុចនានានៅក្នុងផែនការដើម្បីបិទបញ្ចប់សង្រ្គាម។ យើងត្រៀមខ្លួនជាស្រេចសម្រាប់ការធ្វើការប្រកបដោយលក្ខណៈស្ថាបនា និងស្មោះត្រង់»។ នេះជាការសរសេររបស់លោក ហ្សេលេនស្គីនៅលើបណ្ដាញ Telegram។
គួរបញ្ជាក់ថា ការិយាល័យលោក ហ្សេលេនស្គី មិនបាននិយាយដោយផ្ទាល់ពីផែនការសន្តិភាព២៨ចំណុចរបស់សហរដ្ឋអាមេរិកដែលមិនទាន់ចេញផ្សាយជាសាធារណៈនៅឡើយទេ ប៉ុន្តែបានគូសបញ្ជាក់ពីគោលការណ៍ ជាមូលដ្ឋានដែលមានសារៈសំខាន់ចំពោះប្រជាជនអ៊ុយក្រែន៕







