រុស្ស៉ីអះអាងថាវាយយកបានទីក្រុង Kupiansk របស់អ៊ុយក្រែន (Video inside)

21-11-2025 09:52

(មូស្គូ)៖ នាយអគ្គសេនាធិការយោធារុស្ស៉ី បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកាថាកងកម្លាំងរុស្ស៉ីវាយដណ្ដើមបានទីក្រុង Kupiansk ស្ថិតនៅភាគឦសានអ៊ុយក្រែន ក៏ប៉ុន្តែ យោធាអ៊ុយក្រែនបានទាត់ចោលការអះអាងនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៊ុយក្រែនក៏បានច្រានចោលដែរសេចក្ដីថ្លែងការណ៍របស់រុស្ស៉ីដែលថាកងកម្លាំងរបស់ខ្លួនវាយដណ្ដើមបានទឹកដីមួយផ្នែកធំនៃទីក្រុង២ផ្សេងទៀត គឺPokrovsk ជាទីក្រុងមួយដែលកងទ័ពរុស្ស៉ីកំពុងប្រឹងវាយយក អស់ជាច្រើន ខែមកនេះ និងទីក្រុង Vovchansk ស្ថិតនៅក្បែរព្រំដែនរុស្ស៉ី។ វិមានក្រឹមឡាំង បានឱ្យដឹងថាលោក ពូទីន បានធ្វើទស្សនកិច្ចទៅកាន់ទីបញ្ជាការមួយរបស់កងទ័ពរុស្ស៉ី ជាទីដែលលោកបានជួប អគ្គនាយសេនាធិការយោធារុស្ស៉ី លោកនាយឧត្តមសេនីយ៍ Valery Gerasimov។ តាមវិមានក្រឹមឡាំង លោក Gerasimov បានរាយការណ៍ជូនលោក ពូទីនអំពីស្ថានការណ៍នៅក្នុងទីក្រុងដ៏សំខាន់ស្ថិតនៅភាគខាងកើត អ៊ុយក្រែន គឺទីក្រុង Kostiantynivka និងទីក្រុង Kramatorsk ព្រមទាំងទីក្រុង Kupiansk ក្នុងតំបន់ Kharkiv។

លោក Gerasimov បានប្រាប់លោក ពូទីន នៅក្នុងវីដេអូមួយបង្ហោះលើគេហទំព័រវិមានក្រឹមឡាំងដូច្នេះថា «កងកម្លាំងរុស្ស៉ីបានវាយរំដោះទីក្រុង Kupiansk និងកំពុងបន្តបំផ្លាញកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅជុំវិញ ច្រាំងខាងលិចនៃទន្លេ Oskol។ លោក Gerasimov ក៏បានប្រាប់លោក ពូទីនដែរថាកងកម្លាំងរុស្ស៉ីកំពុងគ្រប់គ្រង៧០ភាគរយនៃទីក្រុង Pokrovsk ហើយ៨០ភាគរយនៃទីក្រុង Vovchansk ក៏កំពុងស្ថិតក្រោម ការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៉ីផងដែរ។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ីត្រូវបានរាយការណ៍ថាក៏កំពុងរីកចម្រើនដែរនៅក្នុងតំបន់ Zaporizhzhia ហើយបច្ចុប្បន្នពួកគេកំពុងគ្រប់គ្រង ១៩ភាគរយនៃទឹកដីអ៊ុយក្រែន៕