លោក ត្រាំ គំរាមពីទោសប្រហារជីវិត សម្រាប់អ្នកប្រជាធិបតេយ្យដែលជំរុញឱ្យយោធាបដិសេធបទបញ្ជា (Video inside)
21-11-2025 10:34
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា បានព្រមានថាអ្នកតំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យដែលបានជំរុញឱ្យយោធាអាមេរិកកុំអនុវត្តតាមបទបញ្ជាខុសច្បាប់ អាចនឹងត្រូវបានកាត់ទោសប្រហារជីវិត ដោយហៅពួកគេថាជនក្បត់ និងមានចរិតឧទ្ទាមបះបោរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
គណបក្សប្រជាធិបតេយ្យបានចេញមុខថ្កោលទោសភ្លាមៗចំពោះការសម្លុតគំរាមរបស់លោកប្រឆាំងនឹងសមាជិកព្រឹទ្ធសភា និងសមាជិកសភាតំណារាស្ត្រអាមេរិក៦រូបមកពីគណបក្សប្រជាធិបតេយ្យដែលបានធ្វើការអត្ថាធិប្បាយមួយ ក្នុងវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអង្គារកន្លងទៅនេះ។ សមាជិកសភាតំណាងរាស្រ្តមកពីបក្សប្រជាធិបតេយ្យទាំងនោះមានសាវតារធ្លាប់បម្រើការក្នុងយោធា និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ រួមទាំង សមាជិកព្រឹទ្ធសភាលោក Mark Kelly ជាអតីតសមាជិកកងទ័ពជើងទឹក និង NASA ក៏ដូចជាសមាជិកព្រឹទ្ធសភា លោកស្រី Elissa Slotkin ដែលធ្លាប់បម្រើការឱ្យ CIA ក្នុងបេសកកម្មនៅអ៉ីរ៉ាក់។
តំណាងរាស្ត្របក្សប្រជាធិបតេយ្យទាំងនេះបាននិយាយនៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា «អ្នកអាចបដិសេធបញ្ជាខុសច្បាប់»។ ពួកគេបានចោទលោក ត្រាំ ថាកំពុងប្រើប្រាស់ឯកសណ្ឋានយោធារបស់យើង និងអ្នកមានវិជ្ជាជីវៈនៃសហគមន៍ស៊ើបការណ៍សម្ងាត់ប្រឆាំងនឹងពលរដ្ឋអាមេរិក។ ពួកគេមិនបានបញ្ជាក់ថាតើអ្វីទៅជាបទបញ្ជាខុសច្បាប់ដែលពួកគេចង់សំដៅនោះទេ ប៉ុន្តែលោក ត្រាំ បានចេញបញ្ជាឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិ នៅតាមបណ្ដាទីក្រុងជាច្រើនក្នុងសហរដ្ឋអាមេរិក ក្រោមហេតុផលស្ដារសណ្ដាប់ធ្នាប់ បណ្ដេញជនអន្តោរប្រវេសន៍ខុសច្បាប់ និងបង្រ្កាបឧក្រិដ្ឋកម្ម។ ការអត្ថាធិប្បាយបែបនេះបានធ្វើឱ្យលោក ត្រាំ ខឹងច្រឡោតដោយបង្ហោះសារគំរាម ថា «នេះជារឿងអាក្រក់ និងគ្រោះថ្នាក់សម្រាប់ប្រទេសរបស់យើង។ ពាក្យពេចន៍បែបនេះរបស់ពួកគេមិនត្រូវបានអនុញ្ញាតឡើយ។ នេះជាចរិតឧទ្ទាមរបស់ពួកក្បត់»។ លោក ត្រាំ បន្ថែមថា «ការធ្វើទង្វើឧទ្ទាមបះបោ អាចនឹងត្រូវបាន កាត់ទោសដោយការប្រហារជីវិត»។
គួរបញ្ជាក់ថា នៅក្រៅប្រទេសវិញ លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាអាមេរិកបើកការវាយប្រហារជាបន្តបន្ទាប់លើទូកសង្ស័យដឹកគ្រឿងញៀននៅតំបន់ Caribbean និងតំបន់ប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្សយ៉ាងហោច ៨០នាក់ ហើយដែលអ្នកជំនាញខ្លះចាត់ទុកការវាយប្រហាររបៀបនេះជាទង្វើខុសច្បាប់៕






