អាហ្រ្វិកខាងត្បូង និងសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងរ៉ែសំខាន់ៗ (Video inside)

21-11-2025 12:02

(ប្រេតូរីយ៉ា)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រទេសអាហ្វ្រិកខាងត្បូង និងសហភាពអឺរ៉ុប (EU) បានប្តេជ្ញាគាំពារពហុភាគីនិយម ខណៈដែលពួកគេបានចុះហត្ថលេខាលើភាពជាដៃគូ ក្នុងវិស័យរ៉ែសំខាន់ៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

អាហ្រ្វិកខាងត្បូង កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 ឆ្នាំនេះ ចំពេលមានពហិការពីមហាអំណាចអាមេរិក។ ក្រុមអ្នកវិភាគមើលឃើញថា អវត្តមានសហរដ្ឋអាមេរិក ឬចំណាត់ការរារាំងណាមួយ នឹងក្លាយជាឱកាសឱ្យអាហ្វ្រិកខាងត្បូង កសាងទំនាក់ទំនងជិតស្និទ្ធជាមួយ EU ក៏ដូចជាចិន ដែលជាសមាជិកធំពីររបស់ G20។ ទោះជាគេមិនទាន់ប្រាកដថា កិច្ចប្រជុំអាចបញ្ចប់ទៅដោយមានសេចក្តីប្រកាសរួមឬយ៉ាងណា តែ G20 នៅអាហ្រ្វិក គឺជាពេលវេលាដើម្បីបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកសេដ្ឋកិច្ច និងធនធានរ៉ែដ៏ច្រើនសម្បើមរបស់ទ្វីបនេះ។

ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa គូសបញ្ជាក់ថា «យើងកំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមិនធ្លាប់មានពីមុនមក។ យើងលែងពឹងផ្អែកតែលើការជីកយករ៉ែ តែយើងចង់ទាញយកធនធានទាំងអស់ចេញមក ដូច្នេះអាហ្វ្រិកខាងត្បូងនឹងចាប់ផ្តើមផ្លាស់ប្តូរខ្សែច្រវាក់តម្លៃ»

បណ្តាមេដឹកនាំ EU ព្យាយាមរកប្រភពដើម្បីទទួលបានលោហៈធាតុ ដែលមានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរពិភពលោក ឱ្យចេញឆ្ងាយពីឥន្ធនៈហ្វូស៉ីលទៅរកថាមពលកកើតឡើងវិញ សម្រាប់ការអភិវឌ្ឍកុំព្យូទ័រ និងការផលិតអាវុធ។ តាមលោកស្រី von der Leyen អនាគតនៃសេដ្ឋកិច្ចអឺរ៉ុប គឺអាស្រ័យទៅលើខ្សែច្រវាក់ផ្គត់ផ្គង់ត្រឹមត្រូវ និងអាចទុកចិត្តបាន ដោយបន្ថែមថា សង្គ្រាមរុស្ស៉ីនៅអ៊ុយក្រែន និងឥទ្ធិពលរបស់វាទៅលើការផ្គត់ផ្គង់ថាមពលសម្រាប់អឺរ៉ុប ធ្វើឱ្យតំបន់មានតម្រូវការប្រភពផ្គត់ផ្គង់ចម្រុះ៕