គណៈកម្មការអាមេរិក៖ ចិនបានព្យាយាមធ្វើយុទ្ធនាការ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ យន្តហោះចម្បាំងបារាំង Rafale បន្ទាប់ពីជម្លោះឥណ្ឌា-ប៉ាគីស្ថាន (Video inside)

21-11-2025 13:47

(វ៉ាស៉ីនតោន)៖ គណៈកម្មការអាមេរិកមួយ ក្នុងសប្តាហ៍នេះ បានចេញរបាយការណ៍អះអាងថា ចិនបានធ្វើយុទ្ធនាការព័ត៌មានមិនពិត ដើម្បីព្យាយាមបំផ្លាញការលក់យន្តហោះចម្បាំង Rafale ដែលផលិតដោយប្រទេសបារាំង និងដែលឥណ្ឌាបានប្រើប្រាស់ជាលើកដំបូង កាលពីខែឧសភា ប្រឆាំងសព្វាវុធផលិតដោយចិន ដែលត្រូវបានប្រើប្រាស់ដោយប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

របាយការណ៍ខាងលើ របស់គណៈកម្មការត្រួតពិនិត្យសន្តិសុខនិងសេដ្ឋកិច្ចអាមេរិក-ចិន ត្រូវបានចេញផ្សាយចំពេលដែលអ៊ុយក្រែន ទើបតែបានចុះហត្ថលេខាលើលិខិតបង្ហាញគោលបំណង ទិញយន្តហោះចម្បាំង Rafale រហូតដល់១០០គ្រឿង ដែលផលិតដោយ​ក្រុមហ៊ុនបារាំង Dassault Aviation ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ឆ្លើយតបរបាយការណ៍របស់អាមេរិក ក្រសួងការបរទេសចិន បាននិយាយថា របាយការណ៍នោះទៅវិញទេ ដែលជារឿងមិនពិត ហើយ​បានសង្កត់ធ្ងន់ថា គណៈកម្មការអាមេរិកខាងលើ តែងតែប្រកាន់គំនិតលម្អៀងប្រឆាំងចិន និងមិនអាចជឿទុកចិត្តបានឡើយ។

គួរបញ្ជាក់ថា ក្នុងជម្លោះកាលពីខែឧសភា ប៉ាគីស្ថានបានអះអាងពីការប្រើប្រាស់ យន្តហោះចម្បាំង J-10 ផលិតដោយចិន បាញ់ទម្លាក់យន្តហោះ Rafale របស់កងទ័ពអាកាសឥណ្ឌា ដោយជោគជ័យ។ ក្រោយមក នៅខែមិថុនា អនុរដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី បាននិយាយថា ឥណ្ឌូណេស៉ី កំពុងវាយតម្លៃលើយន្តហោះ J10 ក្រោយមានការស្នើលក់ឱ្យ​ពីចិន ហើយនឹងពិចារណាលើរបាយការណ៍ដែលថា យន្តហោះ J-10 របស់ប៉ាគីស្ថាន បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៕