មន្រ្តីអាមេរិកទទួលស្គាល់ សេចក្តីរាយការណ៍ដែលថា ផែនការសន្តិភាពអ៊ុយក្រែនមានរួមបញ្ចូល ការធានាសន្តិសុខស្រដៀងអង្គការ NATO (Video inside)

21-11-2025 14:53

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា មន្រ្តីអាមេរិកមួយរូបបានទទួលស្គាល់ នូវសេចក្តីរាយការណ៍ព័ត៌មាន ដែលថា​ សេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន មានរួមបញ្ចូលការតម្រូវឱ្យសហរដ្ឋអាមេរិក ព្រមទាំងក្រុមសម្ព័ន្ធមិត្តអឺរ៉ុប ប្តេជ្ញាចំពោះការធានាសន្តិសុខមានលក្ខណៈស្រដៀងគ្នាទៅនឹងអង្គការ NATO សម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីរាយការណ៍នោះ គឺចង់សំដៅលើសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក Axios ដែលលើកឡើងថា ក្នុងករណីមាន​ការវាយប្រហារប្រដាប់អាវុធដោយចេតនាណាមួយ ធ្វើឡើងដោយរុស្ស៉ីប្រឆាំងមកលើអ៊ុយក្រែន នឹងត្រូវចាត់ទុកជាការវាយប្រហារ ដែលគំរាមកំហែងសន្តិភាព និងស្ថិរភាពរបស់អឺរ៉ុបនិងសហរដ្ឋអាមេរិក ហើយអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងរួមគ្នាធ្វើការឆ្លើយតប​ដោយសមស្រប រួមមានទាំងតាមរយៈកម្លាំងយោធា។

កាលពីថ្ងៃព្រហស្បតិ៍ សេតវិមាន បាននិយាយថា ផែនការសន្តិភាពថ្មីមួយរបស់សហរដ្ឋអាមេរិក គាំទ្រដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងត្រូវបានចរចាជាមួយ រុស្ស៉ី និងអ៊ុយក្រែន គឺល្អសម្រាប់ភាគីទាំងសងខាង ដោយច្រានចោលការព្រួយបារម្ភថា ផែនការនេះលម្អៀងតែទៅខាងរុស្ស៉ី។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានផ្ទុះឡើងតាំងតែពី​ខែកុម្ភៈ ឆ្នាំ២០២២ ហើយឥឡូវកំពុងអូសបន្លាយឆ្ពោះទៅរករយៈពេល៤ឆ្នាំ។

គួរបញ្ជាក់ថា នេះជាការទទួលស្គាល់ជាលើកដំបូងពីសេតវិមាន អំពីសេចក្ដីព្រាងផែនការសន្តិភាពថ្មីមួយ ដែលក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញទៅកាន់ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នៅក្រោមផែនការថ្មីនេះ ដែលបណ្ដាប្រព័ន្ធផ្សព្វផ្សាយធំៗរាយការណ៍ថា ជាផែនការ២៨ចំណុច មានលក្ខខណ្ឌខ្លះ ដែលមើលទៅជាការដាក់សម្ពាធលើអ៊ុយក្រែន ដូចជាការតម្រូវឱ្យអ៊ុយក្រែន កាត់ទឹកដីតំបន់ដុនបាស់ទាំងមូលទៅឱ្យរុស្ស៉ី និងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន៕