តម្លៃប្រេងបន្តធ្លាក់ចុះ ខណៈដែលមានការរំពឹងទុក អំពីកិច្ចព្រមព្រៀងសន្តិភាពរុស្ស៉ី-អ៊ុយក្រែន (Video inside)
21-11-2025 15:33
(វ៉ាស៉ីនតោន)៖ តម្លៃប្រេងបានធ្លាក់ចុះក្នុងរង្វង់ជាង ១ភាគរយ នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ខណៈដែលសហរដ្ឋអាមេរិក កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរុស្ស៉ី-អ៊ុយក្រែន ដែលអាចធ្វើឱ្យការផ្គត់ផ្គង់ប្រេងសម្រាប់ពិភពលោក កើនឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រេងឆៅ Brent មានតម្លៃ ៦២.៤២ដុល្លារក្នុងមួយបារ៉ែល ដោយបានចុះថ្លៃ ៩៣សេន ឬ ១.៥ភាគរយ។ រីឯប្រេងឆៅ West Texas Intermediate មានតម្លៃ ៥៨.០២ដុល្លារក្នុងមួយបារ៉ែល ដោយបានចុះថ្លៃ ៩៨សេន ឬ ១.៧ភាគរយ។ ប្រេងពីរប្រភេទនេះ ត្រូវបានកំណត់ថានឹងធ្លាក់ចុះជាង ២.៥ភាគរយក្នុងសប្តាហ៍នេះ ដោយសារតែក្តីបារម្ភអំពី ការផ្គត់ផ្គង់លើសកម្រិត។ ទីផ្សារប្រេងលែងសូវជ្រួលច្របល់ ពេលដែលទីក្រុងវ៉ាស៉ីនតោន ជំរុញឱ្យមានផែនការសន្តិភាព រវាងអ៊ុយក្រែន និងរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាម ខណៈការដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតប្រេងកំពូលរបស់រុស្ស៉ី Rosneft និង Lukoil ត្រូវចូលជាធរមាន នាថ្ងៃសុក្រនេះ។
តាមអ្នកវិភាគនៃធនាគារវិនិយោគ Saxo តម្លៃប្រេងបន្តធ្លាក់ចុះ នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន យល់ព្រមធ្វើការជាមួយសហរដ្ឋអាមេរិក លើផែនការសន្តិភាពថ្មី។ អ្នកវិភាគទីផ្សារក្រុមហ៊ុន IG និយាយថា ត្បិតអ៊ុយក្រែនមិនទាន់បដិសេធ វាមានហាងឆេងតិចតួចសម្រាប់តម្លៃប្រេង។ ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនមានមន្ទិល ថាតើកិច្ចព្រមព្រៀងសន្តិភាពនេះ អាចសម្រេចបានក្នុងពេលឆាប់ៗឬយ៉ាងណា៕




