បទវិភាគ៖ សេដ្ឋកិច្ចចិនត្រូវបានរំពឹងថា នឹងបន្តរក្សានិន្នាការអភិវឌ្ឍន៍ដោយនឹងនរ
21-11-2025 19:01
(ប៉េកាំង)៖ “បើមើលជាទូទៅ ការកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ចិនកំពុងត្រូវជំរុញយ៉ាងនឹងនរជាលំដាប់ដដែល ។ ប៉ុន្តែបើមើលពីការអភិវឌ្ឍនៅពេលអនាគត កម្លាំងផលិតកម្មគុណភាពថ្មីត្រូវពូនជ្រំនិងទទួលការអភិវឌ្ឍ កម្លាំងចលករថ្មីបានរីកចម្រើនជាបន្តបន្ទាប់ ហើយការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់មាននិន្នាការល្អប្រសើរ ។”ពេលថ្មីៗកន្លងទៅនេះ លោក Fu Linghui អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិន បានធ្វើបទបង្ហាញពីស្ថានភាពពាក់ព័ន្ធ នៃការដំណើរការសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្ននេះ។
ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិន បានប្រកាសទិន្នន័យឱ្យដឹងថា កាលពីខែតុលា តម្លៃបន្ថែមនៃឧស្សាហកម្មធុនមធ្យម និងធំទូទាំងប្រទេសចិនបានកើនឡើង៤,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលគ្រឿងបរិក្ខារ បានកើនឡើង៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយតម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលបច្ចេកទេសខ្ពស់ បានកើនឡើង៧,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំមុន។ ការផ្គត់ផ្គង់ខាងផលិតកម្មមានស្ថិរភាពជាមូលដ្ឋាន ការប្រកបអាជីពមានស្ថិរភាពជាទូទៅ តម្លៃទំនិញមានការកែសម្រួលខ្លះ កម្លាំងចលករថ្មីត្រូវពូនជ្រំជាបន្តបន្ទាប់ សេដ្ឋកិច្ចជាតិបានរក្សានិន្នាការអភិវឌ្ឍន៍ ប្រកបដោយស្ថិរភាពជាទូទៅ។
ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន KPMG បានចេញផ្សាយរបាយការណ៍ ស្តីពីការសង្កេតមើលសេដ្ឋកិច្ចចិន នៅត្រីមាសទី៤ឆ្នាំ២០២៥ ។ របាយការណ៍នេះបង្ហាញឱ្យដឹងថា នៅបីត្រីមាសដើមឆ្នាំនេះ GDPជាក់ស្តែងនៃសេដ្ឋកិច្ចចិន បានកើនឡើង ៥,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលខ្ពស់ជាងរយៈពេលដូចគ្នា នាឆ្នាំ២០២៤ចំនួន០,៤ភាគរយ ដំណើរការសម្រេចបាន នូវគោលដៅកំណើនប្រហែល ៥ភាគរយពេញមួយឆ្នាំមានភាពល្អប្រសើរ។
លោក Cai Wei ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចចិននៃក្រុមហ៊ុន KPMG បានថ្លែងថា សម្លឹងមើលត្រីមាសទីបួន ការដំណើរការសេដ្ឋកិច្ច មានកត្តាទ្រទ្រង់ក្នុងពីរវិស័យ។ ទីមួយ គឺស្ថានការណ៍តានតឹងខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានភាពបន្ធូរបន្ថយ ដែលនឹងដើរតួនាទីវិជ្ជមានចំពោះសមិទ្ធផលខាងពាណិជ្ជកម្ម ជាមួយបរទេស និងការប៉ាន់ប្រមាណ ចំពោះការធ្វើអជីវកម្មនៃសហគ្រាសនៅត្រីមាសទីបួន។ ទីពីរគឺ ពេលថ្មីៗកន្លងទៅនេះ គោលនយោបាយម៉ាក្រូកាន់តែយកចិត្តទុកដាក់ដល់តម្រូវការផ្ទៃក្នុង គោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ភាគរយពេញមួយឆ្នាំត្រូវបានរំពឹងថា នឹងសម្រេចយ៉ាងរលូន។
លោក Jean-Jacques de Dardel ប្រធាននៃក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលស៊្វីស និងជាអតីតឯកអគ្គរដ្ឋទូតស៊្វីសប្រចាំនៅចិន បានថ្លែងនៅពេលថ្មីៗកន្លងទៅនេះថា ទីផ្សារចិនបានរក្សាកំណើនយ៉ាងឆាប់រហ័ស ជាទូទៅ ដែលនៅតែជាគោលដៅសំខាន់នៃផលិតផលស៊្វីសដដែល ជាពិសេសគឺក្នុងវិស័យផលិតសម្ភារៈវេជ្ជសាស្ត្រជាន់ខ្ពស់ជាដើម ។ លោកJean-Jacques de Dardel បានរំពឹងទុកថា សមិទ្ធផលច្នៃប្រឌិតថ្មីកាន់តែច្រើនរបស់ស៊្វីស អាចទទួលការអភិវឌ្ឍនៅប្រទេសចិន។ ឆ្លងតាមរយៈការអភិវឌ្ឍបៃតង និងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ប្រទេសទាំងពីរស៊្វីសនិងចិន អាចបង្កើតជា “ចំណងរួមថ្មី” នេះមិនត្រឹមតែមានអំណោយផលដល់សេដ្ឋកិច្ចទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ ការអភិវឌ្ឍជានិរន្តរភាពនៃពិភពលោកទាំងមូលផងដែរ។
វេបសាយនៃវេទិកាអាស៊ីបូព៌ារបស់អូស្ត្រាលី បានចុះផ្សាយអត្ថបទនៅពេលថ្មីៗកន្លងទៅនេះថា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនជាក្បាលម៉ាស៊ីននៃវិបុលភាពសកលផង ហើយក៏ជាមូលហេតុមួយសម្រាប់កែប្រែ សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកផងដែរ ។ ប្រទេសចិនធ្លាប់ជា “រោងចក្រពិភពលោក”ដ៏សំខាន់សម្រាប់ផលិតទំនិញប្រើប្រាស់ ដែលមានតម្លៃថោក ប៉ុន្តែបច្ចុប្បន្ននេះបានក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មី ដែលជំរុញឱ្យឧស្សាហកម្មទំនិញទ្រង់ទ្រាយធំ នៃទ្វីបអាមេរិកឡាទីននិងអាហ្វ្រិកទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមពេលជាមួយគ្នានេះ ក៏បានពង្រឹងស្ថិរភាពតម្លៃ នៃអង្គភាពសេដ្ឋកិច្ចរីកលូតលាស់ដែរ។
លោក Fu Linghui អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា បើមើលពីសភាពការណ៍នៅដំណាក់កាលបន្ទាប់ លក្ខខណ្ឌទ្រទ្រង់និងនិន្នាការមូលដ្ឋានដែលឆ្ពោះទៅរក ភាពល្អប្រសើរក្នុងរយៈពេលយូរនៃសេដ្ឋកិច្ចចិនមិនបានកែប្រែទេ ការសម្រេចបាននូវគោលដៅតាមការរំពឹងទុកពេញមួយឆ្នាំ មានលក្ខខណ្ឌអំណោយផលជាច្រើន ។ ជាពិសេសគឺការបើកធ្វើ ដោយជោគជ័យ នៃកិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានគ្រោងផែនការអភិវឌ្ឍន៍ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ដែលពង្រឹងយ៉ាងខ្លាំងដល់ជំនឿចិត្ត អភិវឌ្ឍន៍របស់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន និងបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។ សេដ្ឋកិច្ចចិនត្រូវបានរំពឹងថានឹងបន្តរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងនឹងនរជាបន្តបន្ទាប់៕
វិទ្យុមិត្តភាពកម្ពុជាចិន






