លោក ហ្សេលេនស្គី ថា អ៊ុយក្រែនកំពុងប្រឈមនឹងគ្រាដ៏លំបាកបំផុត ដែលត្រូវជ្រើសរើសរវាង «កិត្តិយស» ឬ «ការបាត់បង់ដៃគូសំខាន់» (Video inside)
21-11-2025 23:27
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសុក្រនេះ បានថ្លែងសារទៅកាន់ប្រជាជាតិ ដោយអំពាវនាវឱ្យមានការរួបរួមគ្នាជាធ្លុងមួយ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងសម្ពាធដ៏ធ្ងន់ធ្ងរពីការចរចាជាមួយសហរដ្ឋអាមេរិក លើក្របខណ្ឌសន្តិភាពថ្មីមួយជាមួយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសុន្ទរកថាដ៏មានសារៈសំខាន់នេះ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «ឥឡូវនេះគឺជាគ្រាដ៏លំបាកបំផុតមួយនៃប្រវត្តិសាស្ត្ររបស់យើង..សម្ពាធលើអ៊ុយក្រែនគឺធ្ងន់ធ្ងរបំផុត។ ឥឡូវនេះ អ៊ុយក្រែនអាចប្រឈមមុខនឹងជម្រើសដ៏លំបាកបំផុត គឺត្រូវបាត់បង់កិត្តិយស ឬប្រថុយនឹងការបាត់បង់ដៃគូសំខាន់»។
លោកបានបញ្ជាក់ថា អ៊ុយក្រែនត្រូវជ្រើសរើសរវាងការទទួលយកលក្ខខណ្ឌដ៏លំបាកចំនួន២៨ ឬត្រូវប្រឈមនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយ លោកនឹងបន្តចរចាជាមួយអាមេរិកដោយការទទួលខុសត្រូវ ដើម្បីបង្ហាញថាអ៊ុយក្រែនពិតជាចង់បានសន្តិភាព មិនដូចការចោទប្រកាន់របស់សត្រូវឡើយ។
លោកក៏បានអំពាវនាវយ៉ាងទទូចដល់អ្នកនយោបាយ និងប្រជាពលរដ្ឋឱ្យបញ្ឈប់ការឈ្លោះប្រកែកគ្នា និងល្បែងនយោបាយ ដោយបញ្ជាក់ថា «សភា និងរដ្ឋាភិបាលនៃប្រទេសដែលមានសង្គ្រាម ត្រូវតែធ្វើការដោយឯកភាព និងមានប្រសិទ្ធភាព»៕




