ប៉េរូចេញដីកាចាប់ខ្លួនអន្តរជាតិ សម្រាប់អតីតនាយករដ្ឋមន្រ្តី ក្រោមការចោទប្រកាន់ពាក់ព័ន្ធរដ្ឋប្រហារ (Video inside)
22-11-2025 09:29
(លីម៉ា)៖ នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា តុលាការនៃប្រទេសប៉េរូ បានចេញដីកាចាប់ខ្លួនអន្តរជាតិ សម្រាប់អតីតនាយករដ្ឋមន្រ្តី លោកស្រី Betssy Chavez ដែលបានរត់ទៅជ្រកកោន ក្នុងស្ថានទូតម៉ិកស៉ិកនៅរដ្ឋធានីលីម៉ា ស្របពេលកំពុងរង់ចាំការជំនុំជម្រះក្តី ជុំវិញការជាប់ពាក់ព័ន្ធការប៉ុនប៉ងរដ្ឋប្រហារ កាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោកស្រី Chavez វ័យ៣៦ឆ្នាំ គឺជានាយករដ្ឋមន្រ្តី ក្រោមប្រធានាធិបតី លោក Pedro Castillo ដែលត្រូវបានទម្លាក់ពីអំណាច កាលពីចុងឆ្នាំ២០២២ សម្រាប់ការព្យាយាមរំលាយសភា ក្នុងទង្វើមួយដែលត្រូវបានចាត់ទុក ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ទំនាក់ទំនងរវាងទីក្រុងលីម៉ានិងម៉ិកស៉ិក បានធ្លាក់ចុះយ៉ាងគំហុក ជុំវិញការទម្លាក់លោក Castillo។
កាលពីខែធ្នូ ឆ្នាំ២០២២ លោក Castillo ស្ថិតនៅតាមផ្លូវឆ្ពោះទៅកាន់ស្ថានទូតម៉ិកស៉ិកក្នុងទីក្រុងលីម៉ា ដើម្បីស្នើសុំសិទ្ធិជ្រកកោន ជាមួយគ្រួសារលោក នៅពេលរូបលោកត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ពីបទបះបោរនិងរំលោភអំណាច។ ម៉ិកស៉ិកនាពេលនោះ បានផ្តល់សិទ្ធិជ្រកកោនដល់ភរិយានិងកូនរបស់លោក។
លោកស្រី Chavez ក៏ត្រូវបានចោទប្រកាន់ដូចលោក Castillo ផងដែរ ហើយអ្នកទាំងពីរ បានឡើងសវនាការកាលពីខែមីនា ឆ្នាំនេះ។ ខណៈលោក Castillo បានជាប់ឃុំឃាំង ចាប់តាំងតែពីចុងឆ្នាំ២០២២មក លោកស្រី Chavez ត្រូវបានដោះលែងឱ្យស្ថិតនៅក្រៅឃុំ។ ស្រាប់តែមកដល់ក្នុងខែវិច្ឆិកានេះ លោកស្រីក៏បានឆ្លៀតឱកាសទៅជ្រកកោន នៅក្នុងស្ថានទូតម៉ិកស៉ិក។
ដោយសារតែរឿងនេះ ប៉េរូបានសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ិកស៉ិក ដោយនិយាយថា ការផ្តល់សិទ្ធិជ្រកកោនដល់លោកស្រី Chavez គឺស្មើនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយប្រទេសទាំងពីរ បានកោះហៅឯកអគ្គរដ្ឋទូតរៀងៗខ្លួនត្រឡប់ទៅវិញ។
គួរបញ្ជាក់ថា ក្រុមរដ្ឋអាជ្ញាប៉េរូ កំពុងព្យាយាមស្វែងរកការផ្តន្ទាទោសដាក់ពន្ធនាគារ៣៤ឆ្នាំ សម្រាប់លោក Castillo និងរយៈពេល២៥ឆ្នាំ សម្រាប់លោកស្រី Chavez សម្រាប់ការចូលរួមក្នុងផែនការរបស់លោក Castillo៕




