អ៊ុយក្រែនពិភាក្សាជាមួយដៃគូអឺរ៉ុប អំពីផែនការសន្តិភាពរបស់អាមេរិក (Video inside)

22-11-2025 13:28

(កៀវ)៖ កាលពីថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា អ៊ុយក្រែនបានពិភាក្សាជាមួយបណ្តាប្រទេសជាដៃគូរបស់ខ្លួននៅអឺរ៉ុប អំពីផែនការសន្តិភាព​ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក សំដៅបិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានឱ្យដឹងថា អំឡុងកិច្ចសន្ទនាទូរសព្ទរួមមួយ រូបលោកបានជជែកអំពី​ផែនការសន្តិភាពរបស់អាមេរិក ជាមួយរដ្ឋមន្រ្តីការបរទេសបារាំង ចក្រភពអង់គ្លេស ប៉ូឡូញ ហ្វាំងឡង់ ប្រមុខការទូតសហភាពអឺរ៉ុប ព្រមទាំងអ្នកតំណាងរបស់អ៉ីតាលីនិងអាល្លឺម៉ង់ ហើយកំណត់ជំហានបន្ទាប់ទៀត។

ទន្ទឹមគ្នានោះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានសន្ទនាតាមទូរសព្ទផងដែរ ជាមួយមេដឹកនាំអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ មហាអំណាចអឺរ៉ុបទាំង៣ បានឯកភាពគ្នាថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ចាំបាច់ត្រូវតែបន្តមានសមត្ថភាពរឹងមាំ ដើម្បីការពារអធិបតេយ្យរបស់ខ្លួន ហើយប្រធានាធិបតីបារាំង លោក Emmanuel Macron, នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានធានាអះអាងចំពោះលោក ហ្សេលេនស្គី អំពីការបន្តគាំទ្រពេញទំហឹង​របស់ពួកគេសម្រាប់អ៊ុយក្រែន នៅលើគន្លងផ្លូវឆ្ពោះទៅរកសន្តិភាពមួយ ដែលឋិតថេរនិងមានយុត្តិធម៌។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពេលវេលាកំណត់ត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ដើម្បីឱ្យអ៊ុយក្រែន ទទួលយកផែនការសន្តិភាពនៃរដ្ឋបាលរបស់លោក ដែលត្រូវបានទីក្រុងកៀវមើលឃើញថា មានលក្ខណៈលម្អៀងទៅរកទីក្រុងមូស្គូ។ កាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនកំពុងប្រឈមហានិភ័យបាត់បង់រវាង កិត្តិយសក៏ដូចជាសេរីភាពរបស់ខ្លួន ហើយនិងការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន៕