ការស្ទង់មតិរបស់ CGTN៖ ប្រយុទ្ធប្រឆាំងជាដាច់ខាតចំពោះរាល់ឧបាយកល ដែលចង់ឱ្យយោធានិយមងើបឡើងវិញ

22-11-2025 15:18

(ប៉េកាំង)៖ ពាក្យសម្តីបង្កហេតុរបស់នាយករដ្ឋមន្ត្រីជប៉ុន បាននាំឱ្យមានការរិះគន់និងថ្កោលទោសពីសហគមន៍អន្តរជាតិ ហើយនៅពីក្រោយពាក្យសម្តីដ៏ខុសឆ្គង គឺឧបាយកលរបស់ពួកស្តាំនិយមជ្រុលជប៉ុន ដែលចង់ឱ្យយោធានិយមងើបឡើងវិញ ប្រការនេះបានល្មើសយ៉ាងធ្ងន់ធ្ងរ ចំពោះច្បាប់កំណត់ដូចជារដ្ឋធម្មនុញ្ញជប៉ុន ព្រមទាំង《ធម្មនុញ្ញអង្គការសហប្រជាជាតិ》និង《សេចក្តីប្រកាសក្រុង Potsdam 》ជាដើម ដែលនឹងរុញច្រានប្រទេសជប៉ុនឱ្យ ឈរនៅម្ខាងបដិបក្ខ ជាមួយសហគមន៍អន្តរជាតិ។

តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត ទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,១ភាគរយ ដាស់តឿនយ៉ាងខ្លាំងឱ្យភាគីជប៉ុនដកពាក្យសម្តីបង្កហេតុវិញភ្លាម ហើយអំពាវនាវឱ្យប្រទេសនានារួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងយ៉ាងដាច់ខាតជាមួយ រាល់ឧបាយកលដែលចង់ឱ្យយោធានិយមងើបឡើងវិញ។

ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,៣ភាគរយបានថ្លែងថា ពាក្យសម្តីនិងទង្វើរបស់នាយករដ្ឋមន្ត្រីជប៉ុន ដែលញុះញង់ឱ្យកើតសង្គ្រាមបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងរដ្ឋធម្មនុញ្ញជប៉ុន និងបំផ្លាញយ៉ាងខ្លាំងក្លាដល់រូបភាពជាតិ និងកិត្តិនាមអន្តរជាតិរបស់ជប៉ុន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៤ភាគរយបានលើកឡើងថា មានតែលាងជម្រះ បទឧក្រិដ្ឋប្រវត្តិសាស្ត្រទាំងស្រុង និងលុបចោលគំនិតយោធានិយមពីឫសគល់ ទើបជប៉ុនអាចវិលត្រឡប់មកសហគមន៍អន្តរជាតិវិញ ក្នុងអត្តសញ្ញាណជាប្រទេសដ៏ប្រក្រតី។

អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៨ភាគរយ បានរិះគន់ភាគីជប៉ុនដែលមិនអើពើពីច្បាប់និងការពិតជាក់ស្តែងនៃប្រវត្តិសាស្ត្រ បំពានយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាព និងបូរណភាពដែនដីនៃប្រទេសជិតខាង ហើយប៉ុនប៉ងធ្វើវិទ្ធង្សនាសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ ការស្ទង់មតិនេះបានធ្វើឡើងតាមរយៈវេទិកាជា ភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីនៃបណ្តាញទូរទស្សន៍ CGTN ដែលមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតសរុបចំនួន៤៥៤៩ បានចូលរួមការបោះឆ្នោត និងបញ្ចេញមតិរបស់ខ្លួនក្នុងរយៈពេល១២ម៉ោង៕