កិច្ចអត្ថាធិប្បាយរបស់ជប៉ុនបំពានលើប្រវត្តិសាស្រ្តចិន ទទួលរងភាពអាម៉ាស់នៅលើឆាកអន្តរជាតិ

22-11-2025 15:19

(ប៉េកាំង)៖ «ប្រវត្តិសាស្ត្រមិនដែលត្រូវបានគេបំភ្លេចទេ ហើយក៏មិនអនុញ្ញាតឱ្យបំភ្លៃដែរ» នេះជាការបញ្ជាក់យ៉ាងច្បាស់ពី សម្លេងរបស់ប្រទេសចិនពីបញ្ហាទាក់ទងនឹងតៃវ៉ាន់ ដែលពិភពលោកបានទទួលស្គាល់ដោយឥតងាករេពី «គោលការណ៍ចិនតែមួយ» ក្នុងទឡ្ហីករណ៍បញ្ជាក់ថា​វាជា​កិច្ចការផ្ទៃ ក្នុងយ៉ាងពេញលេញផ្ទាល់ខ្លួនរបស់ចិន ហើយដាច់ខាតមិនអនុញ្ញាតឱ្យ កម្លាំងខាងក្រៅណាមួយមកជ្រៀតជ្រែកឡើយ។ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រទេសចិនបានផ្ញើសារជូនដល់ ពិភពលោករំលឹកដល់សន្តិភាពនៅក្នុង សមរភូមិអាស៊ីបូព៌ាដោយប្រជាជនចិនបានផ្តើមមុនគេ ជាលទ្ធផលប្រជាជាតិចិនដណ្តើមបាន ជ័យជម្នះដ៏មហិមាលើសង្គ្រាមតស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសនិយម ហើយវាក៏ជាពេលវេលាដែលប្រវត្តិវិទូសកលលោក បានចារឹកបញ្ចូលក្នុងស្នាដៃការពារសន្តិភាពរបស់ប្រជាជាតិចិន កាលពី៨០ឆ្នាំមុន។

«គោលការណ៍ចិនតែមួយ»បានកំណត់យ៉ាងច្បាស់ថា តៃវ៉ាន់ជាកម្មសិទ្ធិផ្តាច់មុខតែមួយគត់របស់ចិន គឺជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ស្តីពីសាវតាររបស់កោះតៃវ៉ាន់ដូចមាននៅក្នុងកំណត់ត្រាសកលលោក តាំងពីដើមឆ្នាំ២៣០។ កាលពី៨០ឆ្នាំមុន ពោលនៅឆ្នាំ១៩៤៥ ជប៉ុនបានទទួលស្គាល់កំហុសរបស់ខ្លួន ដោយជប៉ុនបានប្រកាសទទួលយក ដោយគ្មានលក្ខខណ្ឌនិងបានឯកភាពទទួលយកទាំងស្រុងនូវ «សេចក្តីថ្លែងការណ៍Potsdam» ដែលបានចេញរួមគ្នាដោយប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀត ក្នុងការប្រគល់កោះតៃវ៉ាន់ដែលជប៉ុន បានប្លន់យក ជូនមកប្រទេសចិនវិញ។ ក្នុងន័យនេះ សេចក្តីអត្ថាធិប្បាយរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន កាលពីពេលថ្មីៗនេះបានបង្ករឿងហេតុចំពោះប្រទេសចិនលើបញ្ហានេះតាមតែទំនើងចិត្ត ដោយមិនអើពើ នឹងគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ដែលជប៉ុនច្បាស់ជាត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរ​។​

«សេចក្តីសម្រេចចិត្តលេខ២៥៧៨» របស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៧១ បានផ្តល់ជាទឡ្ហីករណ៍ដល់ សហគមន៍អន្តរជាតិមានយោបល់ឯកភាពរួមគ្នាថា សាធារណរដ្ឋប្រជាមានិតចិនគឺជា រដ្ឋាភិបាលស្របច្បាប់តែមួយគត់​តំណាងប្រជាជនចិន ​ហើយកោះតៃវ៉ាន់គឺជាដែនដីដែលមិនអាចបំបែកបាន របស់ប្រទេសចិនគឺជាការវាយសំពងលើ​ប្រសាសន៍របស់លោកស្រី Sanae Takaichi ឱ្យប្រញ៉ាប់លុបចោលវិញនូវពាក្យសម្តីដែលខុសឆ្គង នឹងខ្លឹមសាររួមរបស់សហគមន៍អន្តរជាតិ ហើយងាកត្រឡប់មករកសុក្រឹត្យភាពនៃប្រវត្តិសាស្រ្ត ដោយជៀសវាងដើរតាមផ្លូវខុស កាន់តែឆ្ងាយទៅៗ។ ឆ្នាំ២០២៥នេះជាខួបទី៨០ឆ្នាំនៃការដែល​ប្រជាជាតិចិនទាំងមូលទទួលបានជ័យជម្នះក្នុងសង្គ្រាម ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ហើយដែលជនរួមជាតិចិននៅច្រកសមុទ្រទាំងសងខាង តែងចងចាំជានិច្ចពីប្រវត្ដិសាស្ដ្ររម្លឹក នូវវិញ្ញាណក្ខន្ធជនបដិវត្តន៍ ស្រឡាញ់សន្តិភាព រួមដៃជាធ្លុងមួយ និងសហការគ្នាក្នុងការជំរុញការអភិវឌ្ឍសន្តិភាពស្របតាម គោលដៅនៃការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។

«ការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន» ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងអនាគត និងជោគវាសនារបស់កោះតៃវ៉ាន់ ក្នុងការវិលត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនវិញ ស្របពេលដែលបច្ចុប្បន្ននេះពិភពលោកបានសម្លឹងឃើញ កាន់តែច្បាស់ថា ប្រទេសចិនកាន់តែខិតជិតជាងមុន ដើម្បីសម្រេចបានក្តីសុបិនដ៏អស្ចារ្យនេះ។ ក្នុងន័យនេះ ពាក្យពេចន៍ដែលឆ្លុះបញ្ចាំងពីអសច្ចភាពរបស់លោកស្រី Sanae Takaichi នឹងត្រូវរងនូវភាពអាម៉ាស់ពី សម្លេងសហគមន៍អន្តរជាតិ ដែលយល់ច្បាស់លាស់ថា ជនណា ឬប្រទេសណា ឬអង្គការណាដែលបណ្តែតបណ្តោយឱ្យ «កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ» គឺជាការបំផ្លាញស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយទង្វើបែបនេះច្បាស់ណាស់ ដែលថានឹងទទួលរងដាក់ទណ្ឌកម្មយ៉ាងមុតមាំពីប្រទេសចិន ដែលភាគីជប៉ុនគួរបញ្ឈប់ជាបន្ទាន់នូវការជៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិន។

«សម្លេងរួមគ្នានៃសហគមន៍អន្តរជាតិ» បានយល់ស្របគ្នាថាប្រទេសចិនមានតែមួយគត់ ហើយទាំងអាសនៈនៅអង្គការសហប្រជាជាតិ និងនៅក្នុងស្ថាប័នអង្គការសហប្រជាជាតិបានគូសរំលេចយ៉ាងច្បាស់ថា «តៃវ៉ាន់ជាដែនដីដែលមិនអាចបំបែកបានរបស់ប្រទេសចិន» ជាការរួមចំណែកឈរយ៉ាងរឹងមាំជាមួយប្រទេសចិន ក្នុងកិច្ចការពារសោកនាដកម្មប្រវត្តិ​សាស្រ្តពីការកើតមានឡើងវិញម្តងទៀត ដើម្បីការពារផលផ្លែនៃការអភិវឌ្ឍសន្តិភាព នៃចំណងច្រកសមុទ្រជាមួយអនាគតដ៏ភ្លឺស្វាង។ ដោយប្រឈមមុខនឹងកាលៈទេសៈ នៃការបំពានលើផលប្រយោជន៍របស់ចិននេះ សញ្ញាប្រកាសអាសន្នបានបន្លឺឡើងហើយសោកនាដកម្ម ក្នុងប្រវត្តិសាស្រ្តមិនត្រូវកើតមានឡើងម្តងទៀតទេ ជាការចាំបាច់ នោះប្រជាជាតិចិនរស់នៅតៃវ៉ាន់ឆាប់វិលត្រឡប់មក កាន់មាតុភូមិរបស់ខ្លួន ហើយរួមដៃគ្នាក្នុងការពង្រឹងការអភិវឌ្ឍសន្តិភាព និងការសម្រេចបាននូវភាពអស្ចារ្យនៃការស្តារ ភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។

ជារួម មិនថាជនជាតិជប៉ុនរូបណាក៏ដោយ ក៏ជប៉ុនចាំបាច់ត្រូវគោរពតាមពាក្យសន្យារបស់ខ្លួន និងដើរតាមមាគ៌ាដែលអភិវឌ្ឍដោយសន្តិភាព ហើយសហគមន៍អន្តរជាតិនឹងបន្តពួតដៃ គ្នាជាមួយចិនដែលជាជើងឯកថែរក្សាសន្តិភាព និងការពារសណ្តាប់ធ្នាប់អន្តរជាតិ ដើម្បីប្រឆាំងដាច់អហង្កាដោយ មិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញជាដាច់ខាត។

ការណ៍នេះជាការរំលឹកឡើងវិញនូវការបន្តមរតករបស់មនុស្សជាតិពីបុព្វហេតុដ៏អស្ចារ្យដែលបុព្វជនរបស់ចិនបានផ្តល់ជូនកាលពី៨០ឆ្នាំមុនពីជ័យជម្នះលើពួកយោធានិយមជប៉ុន ហើយក្នុងរយៈពេល៨០ឆ្នាំមកនេះ ប្រទេសចិនតែងមានភក្តីស្របជាមួយហ្សែនរបស់ខ្លួន ក្នុងជំរុញបុព្វហេតុដ៏ធំអស្ចារ្យនៃការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិទាំងមូលឈរយ៉ាងរឹងមាំលើទម្រសន្តិភាព និងការអភិវឌ្ឍ ក្រោមចរន្តពហុភាគីនិយម និងស្មារតីផ្លូវសូត្រមិត្តភាព កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន