មន្រ្តីទូតជាន់ខ្ពស់រុស្ស៉ី លេីកឡេីងពីលទ្ធភាពនៃជំនួបថ្មីរវាង លោក ពូទីន និងលោក ត្រាំ (Video inside)
22-11-2025 21:34
(មូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Ryabkov បាននិយាយថា លទ្ធភាពនៃជំនួបមួយទៀតរវាងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺស្ថិតក្នុងរបៀបវារៈ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៥។
លោក Ryabkov បាននិយាយក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីកិច្ចការអន្តរជាតិរបស់រដ្ឋ ដែលបានចេញផ្សាយកនាថ្ងៃសៅរ៍នេះថា « ខ្ញុំសូមមិនច្រានចោល។ ការស្វែងរកផ្លូវឆ្ពោះទៅមុខនៅតែបន្ត។ មិនមែនគ្រប់បណ្តាញទាក់ទងសុទ្ធតែអាចបញ្ចេញជាសាធារណៈនោះទេ ប៉ុន្តែការពិតនៅតែមានថាអ្វីៗដំណើរការតាមលំដាប់លំដោយ»។
គួរបញ្ជាក់ថា លោក ត្រាំ និងលោក ពូទីន បានជួបគ្នានៅ Alaska ក្នុងខែសីហា ប៉ុន្តែបានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងដើម្បីដោះស្រាយ ឬផ្អាកសង្រ្គាមរបស់នៅអ៊ុយក្រែន។ តាមលោក Ryabkov ទំនាក់ទំនងរវាងរុស្ស៉ី និងសហរដ្ឋអាមេរិក មិនត្រូវបានផ្អាកទេ ហើយបណ្តាញសម្រាប់ការសន្ទនានៅតែបន្តដំណើរការ៕




