បណ្តាមេEU យល់ថាផែនការសន្តិភាពអ៊ុយក្រែនរបស់សហរដ្ឋអាមេរិក ត្រូវការធ្វេីការបន្ថែម
22-11-2025 22:34
(JOHANNESBURG)៖ បណ្តាដឹកនាំអឺរ៉ុបសហភាពអឺរុប (EU) បានលេីកឡេីងនៅក្នុងសេចក្តីថ្លែងការណ៍រួមនាថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកានេះថា ផែនការ ២៨ចំណុចរបស់សហរដ្ឋអាមេរិកសម្រាប់សន្តិភាពអ៊ុយក្រែន គឺជាមូលដ្ឋានដែលទាមទារឱ្យធ្វេីការងារបន្ថែម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បណ្តាមេដឹកនាំ EU បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សេចក្តីព្រាងដំបូងនៃផែនការ ២៨ចំណុច មានធាតុសំខាន់ៗចាំបាច់សម្រាប់សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។ ដូច្នេះហើយ យើងជឿថាសេចក្តីព្រាងនេះគឺជាមូលដ្ឋានមួយដែលនឹងត្រូវធ្វេីការបន្ថែម។ យើងច្បាស់លាស់លេីគោលការណ៍ ដែលថាព្រំដែននឹងមិនត្រូវផ្លាស់ប្តូរដោយកម្លាំង។ យើងក៏មានការព្រួយបារម្ភផងដែរ ចំពោះការកំណត់ដែលបានស្នើឡើងទាក់ទងនឹងការកាត់បន្ថយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលនឹងធ្វើឱ្យអ៊ុយក្រែនងាយរងគ្រោះក្នុងការវាយប្រហារណាមួយនាពេលអនាគត»។
គួរបញ្ជាក់ថា បណ្តាមេដឹកនាំ EU និង G20 បានជួបប្រជុំនៅខាងក្រៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Johannesburg ប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីពិភាក្សាអំពីផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ រដ្ឋបាលលោក ត្រាំ បានពហិការកិច្ចប្រជុំកំពូលនេះ៕




