លោក Rubio ថាផែនការសន្តិភាពអ៊ុយក្រែនថ្មី ពិតជាព្រាងឡើងដោយសហរដ្ឋអាមេរិក (Video inside)
23-11-2025 10:05
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា បាននិយាយថាសំណើ២៨ចំណុចសម្រាប់ផែនការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលត្រូវបានបណ្ដាប្រព័ន្ធផ្សព្វផ្សាយជាច្រើនចុះផ្សាយយ៉ាងព្រោងព្រាតនៅក្នុងសប្ដាហ៍នេះ គឺពិតជាត្រូវបានព្រាងឡើងដោយសហរដ្ឋអាមេរិកប្រាកដមែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក Rubio បានគូសបញ្ជាក់ថា «ផែនការនោះបានផ្ដល់នូវក្របខណ្ឌការងារដ៏រឹងមាំសម្រាប់កិច្ចចរចាដែលកំពុងធ្វើឡើង ហើយវាជាមូលដ្ឋានផ្អែកលើគំនិតពីខាងភាគីរុស្ស៉ី ប៉ុន្តែវាក៏ផ្អែកលើគំនិតកន្លងមក និងកំពុងស្ថិតក្នុងកិច្ចចរចាពីភាគីអ៊ុយក្រែនផងដែរ»។
គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក Rubio ធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក លោក Mike Rounds មកពីគណបក្សសាធាណរដ្ឋ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសន្និសីទមួយកាលពីថ្ងៃសៅរ៍ថាលោក Rubio បានហៅទូរស័ព្ទមកកាន់រូបលោក និងសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនទៀត ហើយបាននិយាយថាផែនការសន្តិភាពថ្មីជាសំណើមួយដែលសហរដ្ឋអាមេរិកទទួលបាន និងបញ្ជូនបន្តទៅកាន់អ៊ុយក្រែន។ ពោលគឺផែនការនេះមិនមែនព្រាងឡើងដោយអាមេរិក នោះទេ៕




