លោក Wang Yi៖ ចិននឹងជំរុញពាណិជ្ជកម្ម ការវិនិយោគជាមួយតាហ្ស៉ីគីស្ថាន (Video inside)

23-11-2025 14:08

(Reuters)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅអំឡុងធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីឌូស្ហាន់បេ ថាចិននឹងពង្រីកការនាំចូលផលិតផលកសិកម្មមានគុណភាពខ្ពស់ពី ប្រទេសតាហ្ស៉ីគីស្ថាន និងជំរុញឱ្យបណ្ដាក្រុមហ៊ុនចិនបោះទុនវិនិយោគក្នុងប្រទេសនៃតំបន់អាស៊ីកណ្ដាលមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ក្រសួងការបរទេសចិនបានឱ្យដឹងថាលោក Wang Yi បានប្រាប់សមភាគីតាហ្ស៉ីគីស្ថានរបស់លោក គឺលោក Sirojiddin Muhriddin ថាចិននឹងនៅតែធ្វើជាដៃគូដែលមានភាពស្មោះត្រង់ និងគួរឱ្យទុកចិត្តបានសម្រាប់តាហ្ស៉ីគីស្ថាន។ លោក Wang ក៏បានអរគុណតាហ្ស៉ីគីស្ថានផងដែរចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់លើ បញ្ហាមានជាប់ពាក់ព័ន្ធនឹងប្រយោជន៍ស្នូលរបស់ចិន ដូចជាតៃវ៉ាន់ជាដើម។ «ចិននឹងមិនបណ្ដោយឱ្យកម្លាំងស្ដាំនិយមនៅក្នុងប្រទេសជប៉ុនកែប្រែប្រវត្តិសាស្ត្រ ឬក៏អនុញ្ញាតឱ្យកម្លាំងខាងក្រៅ លូកលាន់ចូលក្នុងសំណុំរឿងតៃវ៉ាន់បាននោះទេ ហើយនឹងមិនអនុញ្ញាតឱ្យយោធានិយមជប៉ុនត្រឡប់វិញនោះឡើយ»។ នេះបើតាមសេចក្ដីថ្លែងការណ៍នៃក្រសួងការបរទេសចិន។

គួរបញ្ជាក់ថា ចិន និងជប៉ុនកំពុងមានជម្លោះការទូតនឹងគ្នា បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថាជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីដែលចិន ប្រើកម្លាំងយោធាវាយប្រហារដើម្បីគ្រប់គ្រងតៃវ៉ាន់។ តាមសេចក្ដីថ្លែងការណ៍ដដែល លោក Wang បានប្រាប់សមភាគីតាហ្ស៉ីគីស្ថានថាចិននឹងធ្វើការជាមួយគ្រប់ភាគីទាំងអស់ដើម្បីថែរក្សា កុងសុងស៊ីសអន្តរជាតិស្ដីពីគោលការណ៍ចិនតែមួយ និងចូលរួមការពារសមិទ្ធផលនៃជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២។ លោកប្រមុខការទូតចិនថែមតែបញ្ជាក់ទៀតផងថាចិន និងតាហ្ស៉ីគីស្ថាន នឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាពង្រីកការអភិវឌ្ឍធនធានរ៉ែ និងពង្រឹងសន្តិសុខតាមរយៈការល្បាតរួមគ្នាទ្វេភាគី៕