គណៈប្រតិភូហាម៉ាស់ ទៅដល់ក្រុងគែរប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាពីបទឈប់បាញ់ ក្រោយមានការចោទប្រកាន់គ្នាទៅវិញទៅមក

23-11-2025 18:21

(គែរ)៖ គណៈប្រតិភូនៃក្រុមហាម៉ាស់ បានទៅដល់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប នៅថ្ងៃអាទិត្យនេះ ដើម្បីជួបពិភាក្សាជាមួយក្រុមអ្នកសម្របសម្រួលសង្គ្រាមហ្គាហ្សា ខណៈដែលទាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បន្តចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភលើបទឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីហាម៉ាស់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា របៀបវារៈសំខាន់គឺការពិភាក្សាអំពី «ការបន្តរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់របស់អ៊ីស្រាអែល»។ គួរបញ្ជាក់ថា អេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក គឺជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលបានចូលជាធរមានកាលពីខែមុន។

ភាពតានតឹងបានកើនឡើងថ្មីៗនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានអះអាងថា យោធាបានសម្លាប់សមាជិកជាន់ខ្ពស់ហាម៉ាស់ចំនួន ៥នាក់កាលពីថ្ងៃសៅរ៍ ដើម្បីឆ្លើយតបនឹងការវាយប្រហារលើទាហានអ៊ីស្រាអែល។

ផ្ទុយទៅវិញ មន្ត្រីសុខាភិបាលនៅហ្គាហ្សាបានរាយការណ៍ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់។ យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃអាទិត្យថា មេបញ្ជាការមូលដ្ឋានម្នាក់របស់ហាម៉ាស់ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះដែរ៕