មន្ត្រីអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ជួបពិភាក្សាពីផែនការសន្តិភាពដ៏ចម្រូងចម្រាសនៅហ្សឺណែវ (Video inside)

23-11-2025 19:21

(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងអឺរ៉ុប បានប្រមូលផ្តុំគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងផែនការសន្តិភាពដែលស្នើឡើងដោយទីក្រុងវ៉ាស៊ីនតោន។ កិច្ចប្រជុំនេះធ្វើឡើងស្របពេលដែលទីក្រុងកៀវ និងសម្ព័ន្ធមិត្ត បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលក្ខខណ្ឌដែលពួកគេមើលឃើញថាជាការសម្បទានដ៏ធំទៅឱ្យរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកំណត់ឱសានវាទឱ្យលោក ហ្សេលេនស្គី ត្រឹមថ្ងៃព្រហស្បតិ៍ ដើម្បីអនុម័តផែនការ ២៨ចំណុច ដែលតម្រូវឱ្យអ៊ុយក្រែនកាត់ទឹកដី ទទួលយកការកម្រិតលើវិស័យយោធា និងបោះបង់មហិច្ឆតាចូលរួមជាមួយអង្គការណាតូ ដែលលក្ខខណ្ឌទាំងនេះត្រូវបានអ៊ុយក្រែនចាត់ទុកថា ស្មើនឹងការចុះចាញ់។

មន្ត្រីអាមេរិកបានបញ្ជាក់ថា បេសកជនពិសេស លោក ស្ទីវ វីតកុហ្វ (Steve Witkoff) និងរដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានទៅដល់ទីក្រុងហ្សឺណែវហើយ ដើម្បីដឹកនាំកិច្ចពិភាក្សានេះ។

គួរបញ្ជាក់ថា មុនកិច្ចប្រជុំនេះ លោក ត្រាំ បាននិយាយថា សំណើបច្ចុប្បន្នរបស់លោកមិនមែនជាការផ្តល់ជូនចុងក្រោយនោះទេ។ ដោយឡែក នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ទូសក៍ (Donald Tusk) បានចោទសួរអំពីប្រភពដើមនៃផែនការនេះ ដោយលើកឡើងថា សម្ព័ន្ធមិត្តអឺរ៉ុបមិនត្រូវបានគេពិគ្រោះយោបល់ជាមួយឡើយ មុនពេលផែនការនេះត្រូវបានបង្កើតឡើង៕