ប្រធានគណៈកម្មការអឺរ៉ុបថា ព្រំដែនអ៊ុយក្រែនមិនអាចកែប្រែដោយកម្លាំងបាយ, កងទ័ពក៏មិនត្រូវកាត់បន្ថយឡើយដែរ (Video inside)

23-11-2025 20:40

(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ដឺ ល្ងៃអេន (Ursula von der Leyen) បានប្រកាសយ៉ាងម៉ឺងម៉ាត់នៅថ្ងៃអាទិត្យនេះថា ព្រំដែនរបស់អ៊ុយក្រែនមិនអាចត្រូវបានផ្លាស់ប្តូរដោយកម្លាំងបាយនោះទេ ហើយកងទ័ពរបស់ប្រទេសនេះក៏មិនអាចត្រូវបានកាត់បន្ថយ ដែលនាំឱ្យប្រទេសងាយរងគ្រោះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងស្របពេលដែលមន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងទីប្រឹក្សាសន្តិសុខជាតិមកពីបារាំង អង់គ្លេស និងអាល្លឺម៉ង់ កំពុងជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងផែនការសន្តិភាពរបស់ទីក្រុងវ៉ាស៊ីនតោន។

ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានគូសបញ្ជាក់ពីធាតុសំខាន់ៗចំនួនបីសម្រាប់សន្តិភាពយូរអង្វែង ទី១ «ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយកម្លាំងបាយឡើយ», ទី២ «មិនត្រូវមានការកំណត់លើកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ដែលនឹងធ្វើឱ្យប្រទេសនេះងាយរងគ្រោះចំពោះការវាយប្រហារនាពេលអនាគត និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខអឺរ៉ុប» និងទី៣ «តួនាទីស្នូលរបស់សហភាពអឺរ៉ុបក្នុងការធានាសន្តិភាពសម្រាប់អ៊ុយក្រែន ត្រូវតែត្រូវបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ»។ លោកស្រីបានបន្ថែមថា អ៊ុយក្រែនត្រូវតែមានសិទ្ធិជ្រើសរើសវាសនារបស់ខ្លួន ហើយពួកគេបានជ្រើសរើស «វាសនាអឺរ៉ុប»

ទន្ទឹមគ្នានេះ លោកស្រីបានសង្កត់ធ្ងន់ថា ផែនការសន្តិភាពដែលអាចជឿទុកចិត្តបាន គួរតែបញ្ឈប់ការសម្លាប់ និងបញ្ចប់សង្គ្រាម ប៉ុន្តែមិនត្រូវ «សាបព្រោះគ្រាប់ពូជសម្រាប់ជម្លោះនាពេលអនាគត» នោះទេ៕