អ៊ីស្រាអែល វាយប្រហារលើសមាជិកហេសបូឡានៅរដ្ឋធានីប្រទេសលីបង់, មនុស្សយ៉ាងតិច ២៤នាក់រងរបួស (Video inside)
23-11-2025 21:46
(បេរូត)៖ យោធាអ៊ីស្រាអែលបានប្រកាសនៅថ្ងៃអាទិត្យនេះថា ខ្លួនបានបើកការវាយប្រហារលើសកម្មជនម្នាក់របស់ក្រុមហេសបូឡា (Hezbollah) នៅតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត។ ប្រភពវេជ្ជសាស្រ្តបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៤នាក់បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវាយប្រហារនេះបានចំផ្លូវធំមួយ ដោយប្រជាពលរដ្ឋបានរាយការណ៍ថា បានឮសំឡេងយន្តហោះចម្បាំងមុនពេលមានការផ្ទុះ។ មនុស្សជាច្រើនបានរត់ចេញពីអគារស្នាក់នៅរបស់ពួកគេដោយក្តីភ័យខ្លាចថា នឹងមានការវាយប្រហារបន្ថែមទៀត។
មុនពេលការវាយប្រហារនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានប្រាប់គណៈរដ្ឋមន្ត្រីថា អ៊ីស្រាអែលនឹងបន្តប្រយុទ្ធប្រឆាំងនឹង «អំពើភេរវកម្ម» នៅលើសមរភូមិជាច្រើន។ លោកបានសង្កត់ធ្ងន់ថា «យើងនឹងបន្តធ្វើអ្វីៗដែលចាំបាច់ ដើម្បីការពារកុំឱ្យហេសបូឡាអាចស្តារសមត្ថភាពគំរាមកំហែងដល់យើងបាន»។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសនៅភាគខាងត្បូងលីបង់ ដោយចោទប្រកាន់ថាហេសបូឡាកំពុងព្យាយាមពង្រឹងកម្លាំង និងបំពាក់អាវុធឡើងវិញចាប់តាំងពីបទឈប់បាញ់ដែលគាំទ្រដោយអាមេរិកកាលពីឆ្នាំមុន។ ទោះជាយ៉ាងណា ក្រុមហេសបូឡាបានអះអាងថា ខ្លួនបានគោរពតាមលក្ខខណ្ឌដែលតម្រូវឱ្យបញ្ចប់វត្តមានយោធានៅតំបន់ព្រំដែន៕




